(តង់ហ្សានី)៖ ក្រុមបក្សប្រឆាំងនៅប្រទេសតង់ហ្សានី បានប្រកូកប្រកាសឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួន ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅតាមដងផ្លូវ ដើម្បីសម្តែងការប្រឆាំងចំពោះជ័យជម្នះ នៃប្រធានាធិបតីកំពុងកាន់អំណាច គឺលោក ចន ម៉ាហ្គូហ្វូលី (John Magufuli) ក្រោយការបោះឆ្នោត ដោយក្រុមប្រឆាំងបានចោទប្រកាន់ថា «ជាការក្លែងបន្លំ» ហើយថែមទាំងទាមទារ ឲ្យមានការបោះឆ្នោតឡើងវិញ ឲ្យបានឆាប់រហ័សបំផុតផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Deccan Herald នាល្ងាចថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីដូដូម៉ា (Dodoma) របស់តង់ហ្សានី ក្រុមបក្សប្រឆាំងនៃប្រទេសអាហ្វ្រិកខាងកើតមួយនេះ បានអះអាងថា ពួកគេទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ព្រោះលទ្ធផលបោះឆ្នោតកន្លងមកនេះ មិនអាចយកជាការបាន ឬមានការក្លែងបន្លំ។

គួរបញ្ជាក់ថា កាលបោះឆ្នោតនៅតង់ហ្សានី បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ហើយជាលទ្ធផល គណបក្សរបស់ប្រធានាធិបតីបច្ចុប្បន្ន គឺលោក John Magufuli បានទទួលសំឡេងឆ្នោតរហូតដល់ទៅ ១២.៥លានសំឡេងឯណោះ ឬស្មើនឹង ៨៥% នៃចំនួនអ្នកទៅបោះឆ្នោតសរុប ខណៈបក្សប្រឆាំងធំជាងគេវិញ បានតែទទួលតែ ១.៩លានសំឡេង ឬស្មើនឹង ១៣%ប៉ុណ្ណោះ៕