(អ៉ីស្តង់ប៊ុល)៖ ក្រុមសង្គ្រោះតួកគីបានអះអាងថា មនុស្សសរុប ២៥នាក់ហើយបានស្លាប់ និង ៨០៤នាក់ទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរ ភាគខាងលិចប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០។

គ្រោះរញ្ជួយដីខាងលើនេះ បានវាយប្រហារដែនសមុទ្រ អេចៀន (Aegean Sea) ដែលបង្កឲ្យឈប់ញ័រដល់ស្រុក សេហ្វែរីសារ (Seferihisar) និងទីក្រុង អ៉ីស្មឺ (Izmir) ដែលស្ថិតនៅទល់មុខចំណុចរំញ័រដ៏កក្រើកនោះតែម្តង កាលពីថ្ងៃសុក្រម្សិលមិញនេះ។ អគាររាប់សិបខ្នងត្រូវគេរាយការណ៍ថា បានដួលរលំ ដែលជាហេតុនាំឲ្យមនុស្សបាត់បង់ជីវិត និងរងរបួស ហើយក៏មានការជឿជាក់ថា មនុស្សមួយចំនួនទៀត អាចកំពុងជាប់ខ្លួនក្រោមគំនរអគារបាក់រលំផងដែរ។

ក្រុមសង្គ្រោះតួកគីប្រមាណជាង ៥,០០០នាក់ និងសុនខហិតក្លិន ២០ក្បាល កំពុងបំពេញប្រតិបត្តិការជួយសង្គ្រោះមនុស្ស ស្ថិតនៅតំបន់រងគ្រោះខាងលើនេះ។ រញ្ជួយដីលើកនេះក៏បានបង្កឲ្យ ដែនកោះមួយចំនួនរបស់ប្រទេសក្រិក ដែលស្ថិតនៅក្បែរៗតួកគីដែរនោះ ទទួលរងនូវរំញ័រតិចៗផងដែរ ប៉ុន្តែពុំបានបង្កឲ្យមានការខូចខាត ឬមនុស្សរងគ្រោះដូចនៅតួកគីឡើយ។

គួរបញ្ជាក់ថា កម្រិត ៧.០រ៉ិចទ័រ គឺត្រូវបានចាត់ទុកថា ជាកម្លាំងញ័ររញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយ ហើយបើវាវាយប្រហារចំតំបន់ ដែលមានអាគារច្រើន និងមនុស្សរស់នៅកកកុញទៀតនោះ ប្រាកដជាអាចបង្កការវិនាសហិនហោច ព្រមទាំងមនុស្សស្លាប់ជៀសមិនរួចឡើយ។ បើតាមអាជ្ញាធរតួកគី ក្រោយកើតមានគ្រោះរញ្ជួយដីដ៏កក្រើក ដែលមានជម្រៅ ១០គីឡូម៉ែត្រពីក្រោមបាតសមុទ្រនោះ រំញ័រកន្ត្រាក់ (aftershocks) សរុប ៤៧០លើកទៀតក៏បានកើតមានឡើង បន្តកន្ទុយគ្នាដែរ។