(បរទេស)៖ បាតុភូតព្រះច័ន្ទខៀវ ឬ Blue Moon នឹងកើតឡើងនៅយប់ពេញបូរមី ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០ (យប់នេះ) ប៉ុន្តែវាគ្រាន់តែជារហស្សនាម ដែលពួកលោកខាងលិចដាក់ឲ្យប៉ុណ្ណោះ ដោយព្រះច័ន្ទនឹងមិនបញ្ចេញពណ៌ខៀវតែម្តង ដូចរូបភាពក្លែងក្លាយមួយចំនួន ដែលត្រូវបានកែច្នៃកន្លងមកនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space។

តើហេតុអ្វីក៏បាតុភូតនៅយប់នេះពិសេស និងកម្របែបនេះ? វាជាបាតុភូតកម្រ ព្រោះតែត្រូវចំថ្ងៃពិសេស Halloween (បុណ្យមួយរបស់លោកខាងលិច) នៅយប់ថ្ងៃទី៣១ ខែតុលានេះ ទើបវាត្រូវបានចាត់ទុកថាជា «បាតុភូតកម្រមួយ» ដោយពន្លឺព្រះច័ន្ទនៅយប់នេះ អាចជះទៅគ្រប់ល្វែងម៉ោងទាំងអស់លើផែនដី ដែលមិនធ្លាប់កើតមានឡើយ តាំងតែពីឆ្នាំ១៩៤៤ និងអាចកើតមានឡើងជាថ្មីម្តងទៀត រហូតដល់ឆ្នាំ២០៣៩ឯណោះ។

បន្ថែមពីខាងលើនេះទៀត នៅយប់ថ្ងៃទី៣១ ខែតុលានេះ គឺជាពេលលោកខែពេញវង់លើកទី ២ ក្នុងរយៈពេលមួយខែ (តុលា) នៅក្នុងប្រតិទិន ដែលព្រឹត្តិការណ៍បែបនេះ ពិតជាមហាកម្រណាស់ ដោយវាអាចកើតឡើងតែអំឡុងរយៈពេល ២.៥ឆ្នាំម្តងប៉ុណ្ណោះ ដោយលើកមុនគឺនៅក្នុងខែមីនា ឆ្នាំ២០១៨។

មួយវិញទៀត បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ការចាត់ទុកព្រឹត្តិការណ៍នេះថា ព្រះច័ន្ទខៀវ ឬ Blue Moon គឺខុសពីតថភាពជាក់ស្តែង ព្រោះបើតាមបាតុភូតនេះ គឺវាគ្រាន់តែជាព្រឹត្តិការណ៍ព្រះច័ន្ទពេញវង់ជាលើកទី ៣ នៅក្នុងមួយរដូវ ក្នុងចំណោមរដូវទាំង ៤ (រដូវរងារ, រដូវស្លឹកឈឺលាស់, រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ) ប៉ុណ្ណោះ ជារដូវដែលព្រះច័ន្ទអាចមានឱកាស ពេញវង់បានរហូតដល់ ៤ដង ដែលជាធម្មតាគឺបានតែ ៣ដងប៉ុណ្ណោះក្នុងមួយរដូវៗ។

ដូច្នេះសរុបសេចក្តីមក ព្រឹត្តិការណ៍ដែលបណ្តាប្រទេសលោកខាងលិច ឲ្យឈ្មោះថា Blue Moon នៅយប់ថ្ងៃសៅរ៍ ទី៣១ ខែតុលានេះ គឺត្រឹមតែជាបាតុភូតកម្រ ដែលកើតមានឡើងតាមរដូវកាលប៉ុណ្ណោះ ដោយវាមិនមែនជាព្រឹត្តិការណ៍ ដែលអាចធ្វើឲ្យព្រះច័ន្ទ ចេញមកពណ៌ខៀវតែម្តងនោះឡើយ៕