(អ៉ីស្តង់ប៊ុល)៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរ នៃភាគខាងលិចប្រទេសតួកគី នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ ដោយបានបណ្តាលឲ្យអគារនានាក្នុងទីក្រុង ញាប់ញ័រ និងបង្កឲ្យមនុស្សម្នាភ័យខ្លាច ហើយរត់ចេញមកឈរតាមដងផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់ជាយថាហេតុ។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិចនាយប់ថ្ងៃសុក្រ។

ប្រជាជននៅទីក្រុង អ៉ីស្មឺ (Izmir) បាននាំគ្នាចេញមកឈរតាមដងផ្លូវ និងទីវាល ខណៈគ្រោះរញ្ជួយដីបានបង្កឲ្យអគារនៅក្នុងទីក្រុង ជាប់ឆ្នេរសមុទ្រភាគខាងលិចតួកគីមួយនេះញាប់ញ័រ និងខ្លះដួលរលំតែម្តង។ បើតាមអភិបាលក្រុងនេះប្រាប់ CNN ថា អគារសរុបជាង ២០ខ្នងបានដួលរលំ ខណៈអគារមួយចំនួនទៀតនៅក្នុងតំបន់ ប័រណូវ៉ា (Bornova) និង បេយរ៉ាគ្លី (Bayrakli) ដែលស្ថិតនៅក្បែរចំណុចរញ្ជួយនោះ ក៏បានរងការបំផ្លាញផងដែរ។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ មិនទាន់មានព័ត៌មានអំពីចំនួនមនុស្សរងរបួស ឬបាត់បង់ជីវិតនៅឡើយទេ។ គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងចេញពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ នៅក្នុងដែនសមុទ្រទល់មុខទីក្រុង Izmire របស់តួកគីតែម្តង។ ពេលនេះអាជ្ញាធរតួកគី កំពុងតែចេញប្រតិបត្តិការ សង្គ្រោះយ៉ាងរហ័សបំផុតទៅកាន់កន្លែងកើតហេតុ ជាពិសេសកន្លែងដែលមានអគារដួលរលំ៕