(ក្លាង)៖ ការលក់ស្រោមអនាម័យតាមអនឡាញ ពីសំណាក់ក្រុមហ៊ុនម៉ាឡេស៊ី ការិច (Karex) បានកើនឡើងខ្ពស់មិនធ្លាប់មានរហូតដល់ទៅ ៧ដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ អំឡុងជំងឺរាតត្បាតសកល COVID-19 រាតត្បាត ដែលធ្វើឲ្យមនុស្សភាគច្រើនត្រូវឃុំឃាំងនៅក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០។

នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនផលិតស្រោមអនាម័យម៉ាឡេស៊ីខាងលើនេះ គឺលោក កូហ៍ ម៉ាយ៉ាស គាត (Goh Miah Kiat) បានបញ្ជាក់ទៀតថា គិតចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើង ជាពិសេសនៅម៉ាឡេស៊ីកាលពីខែមីនា ឆ្នាំ២០២០ ការលក់ស្រោមអនាម័យតាមអនឡាញ ជាប្រចាំខែបានកើនឡើងខ្លាំងតែម្តង ហើយនៅអំឡុងខែតុលានេះ គេនៅតែអាចឃើញសន្ទុះខ្ពស់នៅឡើយ។

លោក Goh បានប្រាប់ CNA យ៉ាងដូច្នេះថា «មនុស្សកាន់តែច្រើនឡើងៗ កំពុងបង្កើនសកម្មភាពក្នុងបន្ទប់... ពីព្រោះវាគ្មានអ្វីផ្សេង ដែលពួកគេអាចធ្វើបាន ហើយពួកគេក៏មិនអាចចេញក្រៅថែមទៀត។ វាក៏ជាពេលដែលរូបខ្ញុំផ្ទាល់គិតថា មិនគួរបណ្តោយឲ្យមានកូនផងដែរ ជាពិសេសនៅពេលដែលលោកអ្នក ជាគូស្វាមីភរិយាក្មេងៗ ពីព្រោះស្ថានការណ៍បច្ចុប្បន្ន ពិតជាពិបាកឲ្យយើងប៉ាន់ស្មានខ្លាំងណាស់»

គួរបញ្ជាក់ថា ក្រុមហ៊ុន Karex មានមូលដ្ឋាននៅតំបន់កំពង់ផែក្លាង (Port Klang) នៃប្រទេសម៉ាឡេស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៨។ Karex អះអាងថា ខ្លួនជាក្រុមហ៊ុនផលិតស្រោមអនាម័យ ធំជាងគេលើលោក ដោយអាចលក់បានចំនួន ៥ពាន់លានស្រោម នៅទូទាំងពិភពលោកក្នុងមួយឆ្នាំ៕