(សេអ៊ូល)៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយស្តីបន្ទោសចំៗទៅលើប្រទេសកូរ៉េខាងត្បូងថា គ្រប់គ្រងមន្ត្រីមិនបានល្អ ទើបបង្កឲ្យមានការបាញ់សម្លាប់មន្ត្រីជលផល ពីសំណាក់ឆ្មាំការពារដែនសមុទ្រកូរ៉េខាងជើង កាលពីខែកញ្ញា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយ CNA។

KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «នៅក្នុងឧប្បត្តិហេតុនោះ ឆ្មាំការពារដែនសមុទ្ររបស់យើង បានបាញ់ទៅលើមន្ត្រីម្នាក់ បន្ទាប់ពីរូបគេបានព្យាយាម ចូលមកកាន់ដែនទឹកកូរ៉េខាងជើង។ វាគឺជាលទ្ធផលដែលបានមកពី ការគ្រប់គ្រងពលរដ្ឋមិនត្រឹមត្រូវ នៅតំបន់ក្តៅដែលមានស្ថានការណ៍ផុយស្រួយ ជាពិសេសនោះ គឺនៅអំឡុងពេលដែលជំងឺ COVID-19 កំពុងរាតត្បាតដ៏តានតឹង»

KCNA បានសង្កត់ធ្ងន់ទៀតថា «ហេតុដូច្នេះ ការស្តីបន្ទោសចំពោះឧប្បត្តិហេតុនេះ គួរតែទៅលើភាគីកូរ៉េខាងត្បូង។ នេះគឺជាជំហររបស់យើង ដែលមិនអាចប្រកែកបាន»។ ឧប្បត្តិហេតុកាលពីខែកញ្ញានោះ បានធ្វើឲ្យប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន សរសេរលិខិតសម្តែងការសោកស្តាយ និងសុំទោស យ៉ាងកម្របំផុតមកកាន់ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន។

បើតាមសារព័ត៌មានមួយចំនួននៅកូរ៉េខាងត្បូង មន្ត្រីជលផលរបស់ខ្លួន ដែលត្រូវបានកូរ៉េខាងជើងបាញ់សម្លាប់នោះ គឺមិនមែនជាឧប្បត្តិហេតុឡើយ តែជាការបញ្ជាពីថ្នាក់លើ ហើយក្រោយការបាញ់សម្លាប់នោះ កូរ៉េខាងជើងបានចាក់សាំងស្រោចលើសាកសព រួចដុតកម្ទេចចោលតែម្តង៕