(ម៉ិកស៊ិក)៖ អាជ្ញាធរម៉ិកស៊ីកូ បានឱ្យដឹងនៅថ្ងៃពុធសប្ដាហ៍នេះថា សាកសពចំនួន ៥៩នាក់ត្រូវបានគេរកឃើញនៅក្នុងផ្នូរលួចលាក់ មួយនៅឯតំបន់ភាគកណ្តាលនៃប្រទេសម៉ិកស៊ីកូ ដែលបានទទួលរងនូវអំពើហិង្សា កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

ប្រធានគណៈកម្មាធិការស្វែងរកមនុស្សជាតិ របស់ប្រទេសម៉ិកស៊ីកូ លោកស្រី Karla Quintana បានគូសបញ្ជាក់ឱ្យដឹងថា សាកសពខាងលើនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុង Salvat Sierra នៃរដ្ឋហ្គាណាហ្សូតូ (Guanajuato) ជាកន្លែងដែលអត្រាមនុស្សឃាតបានកើនឡើង ស្របពេលមានសង្គ្រាមដ៏ក្ដៅគគុកផ្ទុះឡើងរវាងក្រុមឧក្រិដ្ឋជនជួញដូរ គ្រឿងញៀន។ ក្នុងចំណោមសាកសពទាំង៥៩នាក់ខាងលើ យ៉ាងហោចណាស់ មានសាកសពចំនួន ១០នាក់ជាស្ត្រី ហើយសាកសពភាគច្រើនជាមនុស្សវ័យជំទង់។

គួរជម្រាបថា បើតាមទិន្នន័យផ្លូវការ រដ្ឋ Guanajuato បានកត់ត្រានូវចំនួនអ្នកស្លាប់ដោយសារអំពើឃាតកម្មចំនួន ២,២៥០នាក់នៅចន្លោះខែមករា និងសីហា ឆ្នាំ២០២០នេះ ដែលជាអត្រាកើនឡើង ២៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕