(អាប៊ូចា)៖ មេដឹកនាំសមាគមវេជ្ជសាស្រ្តនីហ្សេរីយ៉ាម្នាក់ បានរាយការណ៍ឱ្យដឹងនៅដើមសប្ដាហ៍នេះថា វេជ្ជបណ្ឌិតសរុបចំនួន ១៦នាក់ហើយបានបាត់បង់ជីវិត អំឡុងការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាត នៃវីរុសកូរ៉ូណា (COVID-19) នៅប្រទេសនីហ្សេរីយ៉ា (Nigeria) ដែលជាប្រទេសមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

ប្រធានសមាគមវេជ្ជសាស្ត្រនីហ្សេរីយ៉ា (NMA) លោក បាបា អ៉ីស្សា (Baba Issa) បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា តួលេខនៃការស្លាប់ខាងលើនេះ ត្រូវបានបញ្ជាក់នៅទូទាំងរដ្ឋចំនួន ៣៦ នៃប្រទេសនីហ្សេរីយ៉ា គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺ COVID-19 នេះអស់រយៈពេលជាង ០៨ខែមកម្ល៉េះ។

ក្នុងរយៈពេល ០៨ខែកន្លងទៅនេះ វេជ្ជបណ្ឌិតចំនួន ១,០៣១នាក់នៅទូទាំងប្រទេសនីហ្សេរីយ៉ា បានប្រឈមនឹងការឆ្លង COVID-19 ខណៈវេជ្ជបណ្ឌិតចំនួន ៣២១នាក់ទៀតបានឆ្លងវារួចមកហើយ និងកំពុងសម្រាកព្យាបាលនៅក្នុងប្រទេស។ ប្រទេសនីហ្សេរីយ៉ា ក៏បានព្យាយាមប្រយុទ្ធប្រឆាំងឥតឈប់ឈរ ដើម្បីទប់ស្កាត់នឹងការកើនឡើងនូវករណីឆ្លង ដែលប៉ះពាល់ដល់រដ្ឋទាំងអស់នៅក្នុងប្រទេសនេះ។

គួរជម្រាបថា ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានគ្របដណ្តប់ដោយជំងឺឆ្លងរាតត្បាតសកល (COVID-19) ដោយសារតែការត្រៀមលក្ខណៈ និងការគ្រប់គ្រងបន្ទាន់មិនបានល្អ ភាគច្រើនដោយសារតែធនធានមនុស្សមិនគ្រប់គ្រាន់ ក៏ដូចជាកង្វះហេដ្ឋារចនាសម្ព័ន្ធ និងឱសថ រួមទាំងឧបករណ៍ការពារផ្ទាល់ខ្លួនផងដែរ។

រហូតមកទល់ពេលនេះ ប្រទេសនីហ្សេរីយ៉ាមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ៦១,៥០០ករណី ក្នុងនោះមានអ្នកស្លាប់ ១,១២៥នាក់ និងជាះស្បើយ ៥៦,៦៩៧នាក់៕