(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បានប្រកាសថាទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិ (UN) ដែលហាមឃាត់ទីក្រុងតេហេរ៉ង់ ទិញ និងលក់អាវុធ បានផុតរលត់ហើយស្របទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ក្រសួងការបរទេសអ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា៖«គិតត្រឹមថ្ងៃអាទិត្យនេះ រាល់ការរឹតត្បិតទាំងឡាយលើការផ្ទេរអាវុធ រួមទាំងសេវាហិរញ្ញវត្ថុទៅ និងមកអឺរ៉ង់...នឹងត្រូវផត់រលត់ដោយស័្វយប្រវត្តិ»។ ក្រសួងបន្ថែមទៀតថា ភាគីអ៉ីរ៉ង់ មិនចំាបាច់ធ្វើសកម្មភាពជាពិសេសណាមួយឡើយ ខណៈទណ្ឌកម្មអាវុធត្រូវផុតរលត់ដោយស្វ័យប្រវត្តិ ក្នុងករណីដែលមិនមានវិធានការបន្ថែម ឬពន្យារពេលពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

គួរជម្រាបថា ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិ ប្រឆាំងអ៉ីរ៉ង់ ត្រូវអស់សុពលភាពចាប់ពីថ្ងៃអាទិត្យ ទី១៨ ខែតុលានេះតទៅ ក្រោយសហរដ្ឋអាមេរិក បរាជ័យក្នុងការ បញ្ចុះបញ្ចូលឱ្យក្រុមប្រឹក្សាសន្តិសុខ បន្តសុពលភាពលើទណ្ឌកម្មនេះ។ ទណ្ឌកម្មអាវុធប្រឆាំងអ៉ីរ៉ង់ ត្រូវផុតរលត់យោងទៅតាមដំណោះស្រាយ ដែលត្រូវបានអនុម័តក្រោមក្រប ខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៉ីរ៉ង់ និងប្រទេសមហាអំណាចដូចជា ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី។ តែសហរដ្ឋអាមេរិក ជាប្រទេសហត្ថលេខីដែរនោះបានប្រកាសដកខ្លួនចេញ កាលពីឆ្នាំ២០១៨ ដើម្បីបន្តដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនចោទថា មិនបានអនុវត្តតាមកិច្ចព្រមព្រៀង៕