(អេស្ប៉ាញ)៖ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ បានឲ្យដឹងថា តួរលេខនៃកុមារអេស្ប៉ាញដែលបានពុលជែលលាងដៃ បានកើនឡើងយ៉ាងគំហុក ដោយសារតែផលិតផលនេះមានលក្ខណៈលេចធ្លោ ក្នុងកំឡុងពេលនៃវិបត្តិជំងឺរាតត្បាតសកល COVID-19 នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

វិទ្យាស្ថានជាតិពុលនិងកោសល្យវិច្ច័យអេស្ប៉ាញ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា តួលេខសរុបនៃករណីពុលជែលលាងដៃ នៅទូទាំងប្រទេសរហូតមកទល់ពេលនេះ មានចំនួន ៨៧៤ករណី ឬស្មើជិត ១០ដង នៃចំនួនដែលត្រូវបានរាយការណ៍សម្រាប់ឆ្នាំ២០១៩ កន្លងទៅ។

វិទ្យាស្ថានដដែលនេះ បានគូសបញ្ជាក់ថា កុមារដែលពុលភាគច្រើន គឺជាកុមារដែលទើបតែចេះដើរតេះតះ ដោយស្មើជិត ២ភាគ៣ នៃចំនួនករណីពុលទាំងអស់ខាងលើ។ ភាគច្រើននៃពួកគេ គឺបានយកជែលលាងដៃមកលេបចូលពោះ ខណៈពេលដែលកុមារផ្សេងទៀត បានយកវាដាក់ចូលភ្នែក ឬពុលដោយសារតែស្រូបក្លិនចូលច្រមុះ។ វិទ្យាស្ថានបានបញ្ជាក់បន្ថែមថា រោគសញ្ញាទូទៅបំផុតរួមមានដូចជា ការរលាកបំពង់រំលាយអាហារ ក្អួត រាគ ក្អក ក្រហមទឹកភ្នែក ឬមើលមិនច្បាស់។

គួរជម្រាបថា ស្ថាប័នសុខាភិបាលផ្សេងៗគ្នានៅជុំវិញពិភពលោក ធ្លាប់បានព្រមានដល់សាធារណជនរួចហើយ អំពីភាពចាំបាច់ក្នុងការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ និងស្តុកជែលអនាម័យ ដ្បិតថាផលិតផលអនាម័យដៃនេះ គឺមានផ្ទុកសារធាតុគីមីពុល ដូចជាអាល់កុលមេទីលជាដើម៕