(ហាណូយ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៤០នាក់ហើយនៅភាគកណ្តាលប្រទេសវៀតណាម ខណៈមនុស្ស ០៨នាក់ទៀតកំពុងបាត់ខ្លួន និងផ្ទះជាង ១៣៥,៧០០ខ្នងបានជន់លិច ព្រមទាំងចំការដំណាំជាច្រើនហិកដាទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅតែបន្តអូសបន្លាយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ទាំង ៤០នាក់ខាងលើនេះ ៣៤នាក់ត្រូវបានទឹកកួចយកទៅបណ្តាលឲ្យលង់ស្លាប់ ស្ថិតនៅក្នុងបណ្តាខេត្តភាគកណ្តាលមានដូចជា ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ បន្ថែមពីនេះផ្ទៃដីដំណាំប្រមាណជាង ៧,០០០ហិកតាត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ខណៈសត្វពាហនៈជាង ៣៣២,០០០ក្បាលបានងាប់។

គួរបញ្ជាក់ថា ព្យុះត្រូពិកមួយទៀតដែលមានឈ្មោះថា ណាងកា (Nangka) បាននិងកំពុងវាយប្រហារនៅភាគខាងជើង និងភាគកណ្តាលប្រទេស ចាប់ពីថ្ងៃពុធម្សិលមិញនេះមកម្ល៉េះ ហើយនៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរវៀតណាមបានបញ្ជាក់ថា នៅតំបន់ខ្លះកម្រិតទឹកភ្លៀងធ្លាក់ បានកើនឡើងរហូតដល់ ២,០០០មីលីម៉ែត្រឯណោះ។ ទីភ្នាក់ងារឧតុនិយមវៀតណាមបានព្រមានថា ព្យុះនេះអាចនាំមកនូវទឹកភ្លៀងក្នុងកម្រិតជាមធ្យម ៤០០មីលីម៉ែត្រនៅតាមបណ្តាខេត្ត ដូចជា ក្វាងប៊ិញ (Quang Binh), ក្វាងទ្រី (Quang Tri), ក្វាងណាម (Quang Nam), និងខេត្ត ធួធានហឺ (Thua Thien-Hue)៕