(បាងកក)៖ ប៉ូលិសថៃបានឱ្យដឹងថា បាតុករយ៉ាងហោច ២០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំបាតុករ 0៣នាក់ផងដែរ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមបាតុករនៅតែប្រកាន់ជំហរតឹងរ៉ឹងថា ពួកគេនឹងបន្តធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារនូវអ្វីដែលពួកគេចង់បាន បើទោះជាត្រូវប្រឈមមុខនឹងការចាប់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

ប៉ូលិសបង្រ្កាបកុប្បកម្មថៃបានសម្រេចចិត្តប្រើកម្លាំងបាយ ដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់ ចេញពីបរិវេណខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី នៅព្រឹកព្រហាមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាងកក បានប្រកាសភាពអាសន្ន។ តាមរយៈការប្រកាសភាពអាសន្ននេះ ការប្រមូលផ្ដុំចាប់ពីមនុស្ស ០៥នាក់ឡើងទៅ ហើយព័ត៌មានទាំងឡាយណា ដែលអាចបង្កឱ្យមានការភ័យខ្លាច ឬបំផ្លាញសន្តិសុខជាតិនឹងត្រូវបានហាមឃាត់។

តែទោះជារដ្ឋាភិបាលថៃប្រកាសដាក់ចេញភាពអាសន្ននេះក៏ដោយ ក៏ក្រុមបាតុករនៅតែប្រកាន់ជំហរ បន្តបាតុកម្មដដែល។ «យើងមិនទាន់អាចស្ដារលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដបាននៅឡើយទេ... ដូច្នេះយើងនឹងត្រឡប់មកវិញ ហើយយើងនឹងនៅតែបន្តធ្វើការតស៊ូ បើទោះជាត្រូវប្រថុយស្លាប់ក៏ដោយ»។ នេះគឺជាសម្ដីបាតុករម្នាក់អាយុ ៥៤ឆ្នាំ។

គួរជម្រាបថា បាតុកម្មតវ៉ានៅក្នុងប្រទេសថៃ បានអូសបន្លាយពេលជាង ៣ខែមកហើយ ដោយក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ខណៈក្រុមបាតុករខ្លះទៀតថែមទាំងហ៊ាន ធ្វើការទាមទារឱ្យមានការធ្វើកំណែទម្រង់របបរាជានិយមដែលពួកគេចាត់ទុកថា បានផ្ដល់សិទ្ធិអំណាចហួសហេតុដល់អង្គព្រះមហាក្សត្រទៀតផង៕