(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ៤៨៦លានដុល្លារ ដល់ក្រុមហ៊ុនឱសថ អាស្ត្រាហ្សេណេកា (AstraZeneca) ដើម្បីអភិវឌ្ឍ និងធានានូវការផ្គត់ផ្គង់ថ្នាំប្រឆាំងជំងឺ COVID-19 ច្រើនជាង ១០ម៉ឺនដូស ជាប្រភេទថ្នាំស្រដៀងគ្នានឹងថ្នាំ រ៉េមដេស៊ីវា (Remdesivir) ដែលត្រូវបានប្រើប្រាស់នៅក្នុងដំណើរការព្យាបាល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។

នាយកដ្ឋានសុខាភិបាល និងសេវាកម្មមនុស្សជាតិរបស់អាមេរិកបានឲ្យដឹងថា កិច្ចព្រមព្រៀងខាងលើ គឺស្ថិតក្រោមប្រតិបត្តិការរហ័ស វ៉ាបស្ពីដ (Warp Speed) របស់រដ្ឋបាលលោក ត្រាំ សម្រាប់ការអភិវឌ្ឍថ្នាំប្រឆាំងជំងឺ COVID-19 សម្រាប់ការព្យាបាល ជាពិសេសចំពោះពលរដ្ឋអាមេកាំង ដែលមានហានិភ័យខ្ពស់ដូចអ្នកដែលមានវ័យលើសពី ៨០ឆ្នាំ។ ការព្យាបាលតាមប្រភេទថ្នាំប្រភេទខាងលើ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោក ត្រាំ ត្រូវបានគេមើលឃើញថា អាចជាសះស្បើយយ៉ាងឆាប់រហ័ស។ បន្ថែមពីលើនេះ លោកប្រធានាធិបតីក៏បានបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម Twitter ដើម្បីបរិយាយបន្ថែមពីអត្ថប្រយោជន៍របស់វាផងដែរ។

កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបនៅអាមេរិក បានគូសបញ្ជាក់ថា រដ្ឋាភិបាលគ្រោងផ្តល់នូវការព្យាបាល តាមប្រភេទថ្នាំស្រដៀងទៅនឹងថ្នាំ ដែលគេប្រើប្រាស់សម្រាប់ព្យាបាលលោក ត្រាំ ដោយឥតគិតថ្លៃដល់អ្នកជំងឺ COVID-19 ក្នុងបរិមាណច្រើនជាង ១លានដូស។ ក្រុមហ៊ុនឱសថ រីជែនែរ៉ូន (Regeneron) និង អេលី លីលលី (Eli Lilly) ក៏បានដាក់ពាក្យស្នើទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នូវថ្នាំដែលពួកបានអភិវឌ្ឍផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថ Regeneron បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤៥០លានដុល្លារកាលពីខែកក្កដាកន្លងទៅ ដើម្បីលក់ថ្នាំ REGN-COV2 សម្រាប់ការព្យាបាលលើអ្នកជំងឺ COVID-19 ប្រហែល ៣០ម៉ឺននាក់។ ដោយឡែកសម្រាប់ក្រុមហ៊ុនឱសថ Eli Lilly នៅថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថា ខ្លួនមិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយប្រតិបត្តិការ Warp Speed នោះឡើយ៕