(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីប្រកាសមួយថា ភាគីអាហ្សែបៃហ្សង់ និងអាមេនីបានយល់ព្រមលើ «បទឈប់បាញ់គ្នា» នៅតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) នោះហើយ បន្ទាប់ពីរុស្ស៊ីបានអំពាវនាវ និងកោះហៅរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ឲ្យចូលតុចរចាគ្នាកាលពីថ្ងៃសុក្រម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ បានគូសបញ្ជាក់ថា «បទឈប់បាញ់គ្នា នឹងចាប់អនុវត្តនៅរសៀលថ្ងៃសៅរ៍នេះតែម្តង (ពេលវេលានៅអាមេនី និងអាហ្សែបៃហ្សង់) ហើយបន្ទាប់ពីមកទៀត ក្រុមផ្តល់ជំនួយមនុស្សធម៌ នឹងចូលទៅក្នុងតំបន់ជម្លោះ ហើយការផ្ទេរអ្នកទោស និងប្រមូលសាកសពជនរងគ្រោះ នឹងត្រូវធ្វើឡើង»

កិច្ចចរចាគ្នាខាងលើនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅរដ្ឋធានីម៉ូស្គូ និងមានការចួលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសអាហ្សែបៃហ្សង់លោក ជីហ៊ូ បាយរ៉ាម៉ូវណ (Jeyhun Bayramov) និងសមភាគីអាមេនីលោក ហ្សូរ៉ាប ម៉ាណេតសាខាន់យ៉ាន (Zohrab Mnatsakanyan)។

រុស្ស៊ីមិនទាន់បង្ហាញចេញនូវកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់គ្នាខាងលើនេះ ជាផ្លូវការនៅឡើយទេ ដោយខ្លួនបានអះអាងថា វានឹងចេញនៅក្នុងពេលឆាប់ៗ។ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើការអំពាវនាវដោយផ្ទាល់ នៅក្នុងសប្តាហ៍នេះឲ្យប្រទេសអាមេនី និងអាហ្សែបៃហ្សង់ឈប់ប្រយុទ្ធគ្នា ហើយងាកមកអង្គុយក្នុងតុចរចាបញ្ចប់ជម្លោះ កាលពីថ្ងៃសុក្រម្សិលមិញ ទើបលទ្ធផលវិជ្ជមានដ៏ធំមួយ បានចេញមកដូចពេលនេះ។

គួរបញ្ជាក់ថា ជម្លោះនៅតំបន់ Nagorno-Karabakh ដែលជាតំបន់ស្វយ័តគាំទ្រដោយអាមេនី ព្រោះមានជនជាតិអាមេនីរស់នៅច្រើន ប៉ុន្តែស្ថិតនៅក្នុងផែនទីស្របច្បាប់ របស់ប្រទេសអាហ្សែបែហ្សង់នោះ បានបណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ និង ១២១នាក់រងរបួស ខណៈអគារនានាសរុបជាង ៣០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ៕