(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បាននិយាយថា កិច្ចសហប្រតិបត្តិការលើវ៉ាក់សាំង COVID-19 ជាមួយចិន នឹងមិន អាចជះឥទ្ធិពល ឬក៏ផ្លាស់ប្ដូរគោលជំហររបស់ទីក្រុងហ្សាការតា ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូងឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។

ការលើកឡើងបែបនេះ របស់លោកស្រី Retno Marsudi ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ CNA នៅថ្ងៃអង្គារសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំនួរ ដែលសួរថាតើវ៉ាក់សាំង COVID-19 អាចនឹងប៉ះពាល់ដល់គោលជំហរឥណ្ឌូណេស៊ី លើតំបន់ជម្លោះដែនទឹកជាមួយចិនដែរឬទេ។ លោកស្រី Marsudi បានគូសបញ្ជាក់ ដូច្នេះថា៖ «ខ្ញុំអាចឆ្លើយបានយ៉ាងមុតមាំថាវានឹងមិនបង្កផលប៉ះពាល់អ្វីឡើយ ព្រោះវាគឺជារឿងពីរផ្សេងគ្នា ហើយនៅពេលយើងធ្វើការងារជាមួយគ្នា គឺមិនមែន ជាកិច្ចសហប្រតិបត្តិការគ្មានតុល្យភាព ឬក៏ផ្ដល់ផលប្រយោជន៍ឱ្យតែភាគីម្ខាងនោះទេ»

លោកស្រីបន្ថែមថា ទាំងក្រុមហ៊ុនចិន និងប្រទេសចិន រួមទាំងឥណ្ឌូណេស៊ី សុទ្ធតែទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការនេះ។ ប៉ុន្តែទន្ទឹមគ្នា លោកស្រី ក៏ បានសង្កត់ធ្ងន់ដែរថាទូក ឬនាវានៃបណ្ដាប្រទេសដទៃ អាចស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខរបស់ឥណ្ឌូណេស៊ី ក្នុងកោះ Natuna បាន បើសិនជាគ្រាន់តែចង់ ឆ្លងកាត់ និងមានការអនុញ្ញាតជាមុន។

គួរជម្រាបថា ឥណ្ឌូណេស៊ី មិនមែនជាភាគីជម្លោះដោយផ្ទាល់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះឆ្មាំសមុទ្រឥណ្ឌូណេស៊ី តែងតែចោទប្រកាន់ និងប៉ះទង្គិចគ្នាជាបន្ទាប់ជាមួយទូកនេសាទចិន ដែលចូលមកជុំវិញតំបន់ដែនទឹកកោះ Natuna ស្ថិតនៅភាគខាងត្បូងនៃផ្នែកមួយនៃជម្លោះ ដែនទឹកសមុទ្រចិនខាងត្បូង៕