(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលីនៅសប្តាហ៍ក្រោយនេះ ដោយផ្តោតសំខាន់លើបញ្ហាប្រឈមនានាជាមួយប្រទេសចិន និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូង របស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះទៅកាន់ទីក្រុងតូក្យូ ចាប់តាំងពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានចូលកាន់តំណែងជា​នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកញ្ញា ជំនួសនាយករដ្ឋមន្ត្រីជើងចាស់លោក អាបេ ស៊ីនហ្សូ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត​របស់ទីក្រុងវ៉ាស៊ីនតោន។ នៅថ្ងៃទី០៦ ខែតុលាខាងមុខ លោក Pompeo នឹងបើកកិច្ចប្រជុំពហុភាគីជាមួយភាគីអូស្រ្តាលី ឥណ្ឌា និងជប៉ុន នៅទីក្រុងតូក្យូ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅចំពោះមុខ ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។

លោក Pompeo គឺជាអ្នករិះគន់ឥតសំចៃមាត់លើរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញបញ្ហាជាច្រើនដូចជា សន្តិសុខ និងសិទ្ធិមនុស្ស ព្រមទាំងបញ្ហារីករាលដាលនៃជំងឺរាតត្បាតសកល COVID-19 ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា ជាអ្នកនៅពីក្រោយ។ លើសពីនេះលោក Pompeo ក៏បានដឹកនាំយុទ្ធនាការអន្តរជាតិ ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនផងដែរ។

ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ លោក Pompeo នឹងផ្តោតសំខាន់លើបញ្ហាជាមួយប្រទេសកូរ៉េខាងជើង ដែលជាអាទិភាពនៃគោលនយោបាយការបរទេសរបស់លោក ត្រាំ ខណៈដែលលោកស្វែងឱកាស ដើម្បីឈ្នះការបោះឆ្នោតមួយអាណត្តិទៀត។ អតីតអ្នកដឹកនាំ CIA រូបនេះក៏ធ្លាប់បានធ្វើដំណើរចំនួន ០៤លើកទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ ក្នុងក្តីសង្ឃឹមផ្សាភ្ជាប់នូវទំនាក់ទំនងឡើងវិញ ជាមួយប្រទេសសត្រូវមួយនេះ ប៉ុន្តែក្រោយមកបានប្រែជាស្រពិចស្រពិលទៅវិញ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា លោក Pompeo នឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ គិតចាប់តាំងពីឆ្នាំ២០១៦ ដែលនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ុងហ្គោលី ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ដោយសារតែប្រទេសមួយនេះស្ថិតនៅចន្លោះប្រទេសចិន និងរុស្ស៊ី។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Pompeo ហាក់ធ្វើដំណើរចេញទៅក្រៅប្រទេសជាញឹកញាប់​ក្រោយស្ថានការណ៍ក្តៅនៃជំងឺ COVID-19 បានថយចុះបន្តិច។ លោក Pompeo នឹងធ្វើដំណើរទៅបណ្តាប្រទេសនៅទ្វីបអាស៊ី បន្ទាប់ពីបិទបញ្ចប់ដំណើរទស្សនកិច្ចទៅប្រទេសក្រិក អ៉ីតាលី និងក្រូអាត ដែលស្ថិតនៅទ្វីបអឺរ៉ុប៕