(បាកដាដ)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ខ្លួននឹងបិទស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រសិនបើរដ្ឋាភិបាលអ៉ីរ៉ាក់មិនព្រមធ្វើសកម្មភាព ឬមិនអាចបញ្ឈប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ពីសំណាក់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីត មកលើតំបន់ដែលស្ថានទូតអាមេរិកតាំងនៅទៀតនោះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ការព្រមានខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងកិច្ចសន្ទនាតាមរទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីរ៉ាក់ លោក បាហាម សាលីហ៍ (Barham Salih) និងនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់លោក មូស្តាហ្វា អាល់ ខាទីមី (Mustafa al Kadhimi) កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយបើតាមសារព័ត៌មាន Sky News ជាភាសាអារ៉ាប់ គម្រោងបិទស្ថានទូតនេះ អាចនឹងត្រូវប្រកាសជាផ្លូវការនៅដើមសប្ដាហ៍នេះ។

ក្រុមមន្ត្រីអ៉ីរ៉ាក់ក៏បានឱ្យដឹងដែរថា សហរដ្ឋអាមេរិកបានចាប់ផ្ដើមដំណាក់កាលបឋមហើយ ដើម្បីអនុវត្តគម្រោងបិទស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុងបាកដាដ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដែលអាចនឹងត្រូវធ្វើឡើងទន្ទឹមគ្នា នឹងការដកទ័ពអាមេរិកចេញពីអ៉ីរ៉ាក់ តែនៅរក្សាអគ្គស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុង អឺប្រ៊ីល (Erbil)។ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ បានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញ ព្រោះការបិទស្ថានទូតអាចនឹងបំផ្លាញដល់ផលប្រយោជន៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ចាប់តាំងពីការស្លាប់របស់មេទ័ពកំពូលអ៉ីរ៉ង់ លោក កាសេម សូឡៃមេនី (Qasem Soleimani) ក្នុងទីក្រុងបាកដាដ កាលពីខែមករា ដើមឆ្នាំ២០២០ ស្ថានទូត និងមូលដ្ឋានទ័ពអាមេរិក នៅលើទឹកដីអ៉ីរ៉ាក់ តែងតែរងការគំរាមកំហែង និងវាយប្រហារជារឿយៗពីសំណាក់ ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីតគំាទ្រដោយអ៉ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ក៏បានព្រមានឱ្យរដ្ឋាភិបាលទីក្រុងបាកដាដ ចាត់វិធានការទប់ស្កាត់ជាច្រើនលើកផងដែរ៕