(ឡុងដ៍)៖ ក្រុមមន្ត្រីនៃព្រះបរមរាជវាំងចក្រភពអង់គ្លេស នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ហិរញ្ញវត្ថុ ឬប្រាក់ចំណូលប្រចាំឆ្នាំរបស់ម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែតទី ២ (Queen Elizabeth II) បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ការធ្លាក់ចុះប្រាក់ចំណូលនេះ មួយចំនួនធំគឺដោយសារតែការធ្លាក់ចុះភ្ញៀវទេសចរ ដែលមកទស្សនាព្រះបរមរាជវាំង ដោយសារតែវិធានការបិទទ្វារ (Lockdown) កំឡុងការឆ្លងរាតត្បាត COVID-19។ បើតាមក្រុមមន្ត្រីព្រះបរមរាជវាំងចក្រភពអង់គ្លេស គិតត្រឹមឆ្នាំសារពើពន្ធបញ្ចប់ត្រឹមខែមីនា ឆ្នាំ២០២០ កញ្ចប់ថវិកាសម្រាប់ក្រុមមន្ត្រីរបស់ព្រះម្ចាស់ក្សត្រីយ៍ Queen Elizabeth II មានត្រឹមតែ ៨២.៤លានផោន ឬស្មើនឹង ១០៥លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះមានការកើនឡើងតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ នៃក្រុមមន្ត្រីព្រះបរមរាជវាំងចក្រភពអង់គ្លេស កញ្ចប់ថវិកាស្នូលនៃគ្រួសាររាជវង្សអង់គ្លេសរបស់ម្ចាស់ក្សត្រីយ៍ Queen Elizabeth II អាចនឹងត្រូវរងការខាតបង់ ១៥លានផោន ក្នុងរយៈពេល ០៣ឆ្នាំខាងមុខ ខណៈកញ្ចប់ថវិកាសម្រាប់ការជួសជុលរយៈពេលវែង លើព្រះបរមរាជវាំង បាកឃីងហាំ (Buckingham) ដែលជាវាំងដ៏សំខាន់របស់ព្រះម្ចាស់ក្សត្រីយ៍ ស្ថិតនៅក្នុងទីក្រុងឡុងដ៍នឹងជួបឱនភាព ២០លានផោន៕