(ហាណូយ)៖ វៀតណាម បាននាំចេញម៉ាសវេជ្ជសាស្ត្រ ជិត៨៥០លានសន្លឹក ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំនេះ, នេះបើតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានគយវៀតណាម ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

សហគ្រាសជាង៧០កន្លែង បាននាំចេញម៉ាសវេជ្ជសាស្ត្រ ជាង១៣៥លានសន្លឹក គិតតែក្នុងខែសីហាមួយប៉ុណ្ណោះ។

ប្រទេសនាំចូលធំជាងគេបំផុត នៃម៉ាសរបស់វៀតណាម រួមមាន ជប៉ុន, កូរ៉េខាងត្បូង, អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ ម៉ាស ក៏ត្រូវបាននាំចេញ ទៅកាន់អូស្ត្រាលី, ចិន, ឡាវ, ប៉ូឡូញ និងសឹង្ហបុរីផងដែរ។

ម៉ាស បានក្លាយជាផ្នែកមួយដ៏សំខាន់ នៃការនាំចេញរបស់វៀតណាម នៅអំលុងពេលនៃការរីករាលដាលជំងឺ COVID-19។

នៅចន្លោះខែមករា ដល់ខែសីហា, ចំណូលការនាំចេញរបស់វៀតណាម សរុបមានជាង១៧៤,១ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ កើនឡើង១,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕