(ឡុងដ៍)៖ មន្ត្រីសុខាភិបាលសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅអឺរ៉ុប វាកំពុងបង្កជាហានិភ័យ នៃការប្រែក្លាយទៅជាជំងឺឆ្លងរាតត្បាតភ្លោះកាន់កាចសាហាវមួយទៀត ដែលផ្គុំឡើងដោយជំងឺផ្តាសាយធំ និងជំងឺ COVID-19 នៅពេលរដូវរងាឈានមកដល់ឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ស្នងការទទួលបន្ទុកផ្នែកសុខាភិបាលរបស់សហភាពអឺរ៉ុប លោកស្រី ស្តេលឡា ឃីរីអាឃីឌីស (Stella Kyriakides) បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះដូច្នេះថា «វាច្បាស់ណាស់ថា វិបត្តិ (COVID-19) នេះ មិនមែននៅពីក្រោយយើងទេ គឺយើងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ជាទីបំផុត»

ជាមួយនឹងការខិតជិតចូលមកដល់នៃរដូវរងា ស្នងការទទួលបន្ទុកផ្នែកសុខាភិបាលរបស់សហភាពអឺរ៉ុបរូបនេះ បានព្រមានពីហានិភ័យ នៃការឆ្លងរាតត្បាតព្រមគ្នានូវជំងឺ COVID-19 និងជំងឺផ្តាសាយធំ ខណៈលោកស្រីបានជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសនានានៅទ្វីបអឺរ៉ុប លើកទឹកចិត្តដល់ប្រជាជនឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំ និងប្រកាន់ខ្ជាប់នូវវិធានការគម្លាតសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺ COVID-19។

ការស្រាវជ្រាវមួយ ដែលបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស ដែលបានចុះផ្សាយនៅសប្តាហ៍នេះបានបង្ហាញថា ហានិភ័យនៃការស្លាប់សម្រាប់អ្នកជំងឺ COVID-19 ដែលបានឆ្លងជំងឺផ្តាសាយធំក្នុងពេលតែមួយ គឺច្រើនទ្វេដង បើប្រៀបធៀបនឹងអ្នកជំងឺ COVID-19 ដែលមិនបានឆ្លងផ្តាសាយធំ។

គួរជម្រាបថា ក្នុងមួយឆ្នាំៗនៅទូទាំងទ្វីបអឺរ៉ុប មានមនុស្សយ៉ាងហោចណាស់ ១៥,០០០នាក់ ទៅ ៧០,០០០នាក់ស្លាប់ដោយសារជំងឺផ្តាសាយធំ ក្នុងចំណោមដែលឆ្លងប្រមាណ៤ទៅ៥លាននាក់។ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទ្វីអឺរ៉ុបមើលឃើញការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង COVID-19 ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងនៅទូទាំងទ្វីបមួយនេះ បានកើនលើស ៥លានករណី៕