(បាងកក)៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃហៅកាត់ថា DDC បាននិងកំពុងឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់ ចំពោះទីក្រុងរបស់មីយ៉ាន់ម៉ា ដែលជាប់ព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីប្រទេសជិតខាងមួយនេះ បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៣២ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៧,៨២៧ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok post នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

លោក សុវណ្ណាឆ័យ វឌ្ឍនាយីងឆារឿនឆ័យ (Suwannachai Wattanayingcharoenchai) អគ្គនាយក DDC បានគូសបញ្ជាក់ថា ស្ថានភាពនៃការរាតត្បាតវីរុសកូរ៉ូណានៅមីយ៉ាន់ម៉ា បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះហើយរាល់សកម្មភាពអាជីវកម្មទាំងអស់ គួរតែបញ្ឈប់ការជួលកម្មករបរទេស ជាពិសេសពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅប្រទេសថៃ។

នៅចំពោះមុខការកើនឡើងនៃចំនួនករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានរឹតត្បិតការធ្វើដំណើរចេញ-ចូលទីក្រុងរ៉ង់ហ្គូន ព្រមទាំងបិទសាលារៀន និងរោងចក្រកាត់ដេរនៅក្នុងទីក្រុងផងដែរ។ ទន្ទឹងគ្នានេះ អាជ្ញាធរបានធ្វើការណែនាំឲ្យបុគ្គលិកការិយាល័យ ធ្វើការពីផ្ទះ និងប្រកាសពីបទបញ្ជាតឹងរ៉ឹងជាងមុនរួមមាន ការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុក ដោយលើកលែងចំពោះបញ្ហាសុខភាពធ្ងន់ធ្ងរ និងស្ថានភាពបន្ទាន់មួយចំនួនទៀតតែប៉ុណ្ណោះ។

នៅជុំវិញបញ្ហាខាងលើ មន្ត្រីជាន់ខ្ពស់ថៃបានលើកឡើងយ៉ាងដូច្នេះថា ទីភ្នាក់ងារជាច្រើនបាននិងកំពុងធ្វើការងាររួមគ្នា ដើម្បីការពារព្រំដែន ជាពិសេសទប់ស្កាត់ការប៉ុនប៉ង លួចចូលក្នុងប្រទេសថៃដោយខុសច្បាប់។ វេជ្ជបណ្ឌិតរូបនេះក៏បានព្រមានដែរថា វិធានការផ្លូវច្បាប់ដ៏តឹងរ៉ឹងបំផុតនឹងត្រូវអនុវត្ត ដើម្បីប្រឆាំងនឹងជនណាដែលត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញានេះ មីយ៉ាន់មានករណីឆ្លង COVID-19 សរុប ៧,៨២៧ករណី ក្នុងនោះស្លាប់ ១៣៣នាក់ និងជាសះស្បើយវិញ ២,០៨៥៕