(ញូយ៉ក)៖ ចៅក្រមម្នាក់ក្នុងទីក្រុងញូយ៉ក បានបង្គាប់ឱ្យកូនប្រុសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Eric Trump បង្ហាញខ្លួននៅថ្ងៃទី០៧ ខែតុលាខាងមុខ ដើម្បីទទួលការសាកសួរជុំវិញការស៊ើបអង្កេតលើការប្រើប្រាស់ហិរញ្ញវត្ថុ លើអចលនទ្រព្យជាកម្មសិទ្ធិក្រុមហ៊ុននៃគ្រួសាររបស់លោក ដែលគេសង្ស័យថាអាចមាន ជាប់ពាក់ព័ន្ធនឹងការលួចបន្លំពន្ធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ចៅក្រមតុលាការកំពូល Manhattan Supreme Court លោក Arthur Engoron បាននិយាយថា លោក Eric Trump ដែលជាអនុប្រធានប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Trump Organization មិនមានហេតុផលគ្រប់គ្រាន់ ដើម្បីពន្យាពេលការបង្ហាញខ្លួននៅឯការិយាល័យរដ្ឋអាជ្ញាក្រុងញូយ៉ក លោកស្រី Letitia James រហូតដល់ក្រោយការ បោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ នោះទេ។ លោក Engoron បន្ថែមទៀតថា ការអះអាងរបស់លោក Eric ដែលថាកំពុងរវល់រៀបចំ យុទ្ធនាការឃោសនាបោះឆ្នោតឱ្យឪពុករបស់លោក គឺជារឿងមិនសមហេតុផល។

គួរបញ្ជាក់ថា លោកស្រីរដ្ឋអាជ្ញា Letitia James ធ្លាប់បានបង្គាប់ឱ្យលោក Eric Trump បង្ហាញខ្លួនម្ដងរួចមកហើយកាលពីថ្ងៃទី២៦ ខែឧសភា ហើយការស្នើឱ្យលោកដាក់ ឯកសារមួយចំនួន កាលពីថ្ងៃទី២២ ខែកក្កដា ត្រូវបានលុបចោល ដោយសារតែលោក Eric ផ្លាស់ប្ដូរក្រុមមន្ត្រីច្បាប់របស់លោក។ មេធាវីរបស់លោកមានបំណងពន្យារពេល ការសាកសួរនេះរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឬយូរជាងនេះ៕