(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅថ្ងៃពុធសប្តាហ៍នេះ បានចោទប្រកាន់ប្រទេសចិនថា កំពុងព្យាយាមញុះញង់ឲ្យមានភាពវឹកវរនៅក្នុងសហរដ្ឋអាមេរិក តាមរយៈការរិះគន់ជុំវិញបញ្ហារើសអើងពូជសាសន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

លោក Pompeo បាននិយាយដូច្នេះថា «ចិនចង់ញុះញង់ឲ្យមានភាពចលាចល ដូចដែលយើងបានឃើញនៅឯទីក្រុង មីនាផូលីស (Minneapolis), ផតលែនដ៍ (Portland) និង ខេណូសា (Kenosha) ជាដើម។ យើងមិនអាចបណ្តោយឲ្យវាកើតឡើងបានដាច់ខាត»។ Minneapolis, Portland និង Kenosha គឺជាទីក្រុងដែលបានមើលឃើញការធ្វើបាតុកម្ម ជុំវិញបញ្ហារើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលិស ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ។

សម្រាប់ភស្តុតាងនៃចេតនាបែបនេះរបស់ចិន គឺលោករដ្ឋមន្រ្តីការបរទេសអាមេរិក បានចង្អុលទៅលិខិតមួយច្បាប់ពីមន្រ្តីការទូតចិន ផ្ញើមកសមាជិកសភាអាមេរិកម្នាក់នៅរដ្ឋ វិសខុនសិន (Wisconsin)។ លិខិតនោះបាននិយាយថា «ទីក្រុងប៉េកាំងប្រឆាំងយ៉ាងមុតមាំ ចំពោះការរើសអើងពូជសាសន៍ លើសហគមន៍ជនជាតិចិន នៅសហរដ្ឋអាមេរិកជុំវិញវិបត្តិ COVID-19»

បើតាមលោក Pompeo តាមរយៈលិខិតនេះចិនចង់ឲ្យគេយល់ថា ការខឹងសម្បារដោយសមហេតុផលរបស់អាមេរិក ចំពោះចិនជុំវិញវិបត្តិ COVID-19 នោះ គឺមានជាប់ពាក់ព័ន្ធទៅនឹងជាតិសាសន៍ទៅវិញ។ លោក Pompeo បានបន្តទៀតថា កំឡុងករណីជនជាតិអាមេរិកស្បែកខ្មៅលោក ចច ហ្វ្លយដ៍ (George Floyd) ដែលបានបាត់បង់ជីវិតក្រោមស្នាដៃប៉ូលិសនៅទីក្រុង Minneapolis បណ្តាញសារព័ត៌មានផ្លូវការរបស់ចិន ក៏បាននាំគ្នាផ្តោតរិះគន់លើ បញ្ហារើសអើងពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។

គួរជម្រាបថា លោក Pompeo ដែលត្រូវគេស្គាល់ថា មាននិន្នាការប្រឆាំងនឹងចិនខ្លាំងនោះ បានបន្តធ្វើការវាយប្រហារពាក្យសម្តីលើទីក្រុងប៉េកាំងបែបនេះ កំឡុងការថ្លែងសារមួយ ចំពោះមុខបណ្តាសមាជិកសភានៃរដ្ឋ Wisconsin ដែលជារដ្ឋដ៏សំខាន់មួយនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក ដែលត្រូវរៀបចំឡើងនៅខែវិច្ឆិកាខាងមុខ។ ប្រទេសចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ ជុំវិញការលើកឡើងខាងលើនេះ៕