(ឡូសអាន់ជែលែស)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ហ្គាវីន ញូសម (Gavin Newsom) នៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា រដ្ឋកាលីហ្វ័រញ៉ាគ្រោងនឹងហាមឃាត់ ការលក់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញប្រភេទប្រើប្រេងឥន្ធនៈ (សាំង និងម៉ាស៊ូត) ចាប់ពីឆ្នាំ២០៣៥ ខណៈរដ្ឋដែលជាទីផ្សារលក់រថយន្តដ៏ធំរបស់អាមេរិកមួយនេះ បានចាប់ផ្តើមផ្លាស់ប្តូរទៅប្រើរថយន្តប្រភេទដើរដោយអគ្គិសនីវិញ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាននៅក្នុងរដ្ឋ ដែលមានប្រជាជនរស់នៅជាង ៤០លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ការសម្រេចនេះគឺជាវិធានការដ៏សំខាន់ក្នុងគោលបំណង ដើម្បីបញ្ឈប់ការប្រើប្រាស់ប្រភេទម៉ាស៊ីនដើរដោយថាមពលឥន្ធនៈ ដោយវាត្រូវបានគេមើលឃើញថា ជាផែនការផ្ទុយស្រឡះទៅនឹងគោលនយោបាយ គាំពារប្រេងឥន្ធនៈរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Newsom ធ្លាប់បានប្រកាសម្តងរួចទៅហើយកាលពីដើមខែកញ្ញានេះថា លោកនឹងបង្កើនកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ចំពេលរដូវភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កំពុងតែក្លាយជាឧទាហរណ៍កាន់តែធំធេង។

រដ្ឋកាលីហ្វ័រញ៉ាបានប្តេជ្ញាចិត្តចំពោះគោលដៅបៃតងដ៏មុតមាំ ដើម្បីបញ្ឈប់ការលក់រថយន្តដើរដោយថាមពលឥន្ធនៈ នៅត្រឹមឆ្នាំ២០៣៥ និងកំពុងជំរុញឲ្យបណ្តាមរដ្ឋដទៃទៀតរបស់អាមេរិក អនុវត្តតាមវិធានការស្រដៀងគ្នានេះផងដែរ។ ទន្ទឹងគ្នានេះ រដ្ឋកាលីហ្វ័រញ៉ាក៏បានដាក់ចេញផែនការដ៏មានមហិច្ឆតា សម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៨០ភាគរយនៅត្រឹមឆ្នាំ២០៥០។ ទោះជាយ៉ាងណា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការបញ្ចេញ CO2 នៅក្នុងវិស័យដឹកជញ្ជូន នៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់ដដែល។

ក្រុមប្រឹក្សាតាមដានធនធានអាកាស ប្រចាំរដ្ឋកាលីហ្វ័រញ៉ាហៅកាត់ CARB គ្រោងនឹងប្រែក្លាយ គោលដៅរបស់លោក Newsom ឲ្យទៅជាបទប្បញ្ញត្តិថ្មីដោយតម្រូវឲ្យបញ្ឈប់ ការលក់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញធុនធ្ងន់ដែលបញ្ចេញ CO2 ឲ្យបាន ១០០% នៅត្រឹមឆ្នាំ២០៣៥ ហើយនៅឆ្នាំ២០៤៥ កាលបញ្ចេញឧស្ម័នពុល CO2 ពីរថយន្តគ្រប់ធុនក្នុងទីក្រុងទាំងអស់ ក៏នឹងត្រូវសម្រេចឲ្យបានដែរ។ លើសពីនេះអភិបាលរដ្ឋរូបនេះ ក៏បានបង្ហាញពីគោលបំណងចង់ឲ្យស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ ហាមឃាត់ការអនុញ្ញាតឲ្យខួងយកប្រេង និងឧស្ម័នបន្ថែមទៀតចាប់ពីឆ្នាំ២០២៤ផងដែរ។

ជុំវិញបញ្ហាខាងលើប្រធានាធិបតីលោក ដូណាល់ ត្រាំ បានព្យាយាមរារាំងរដ្ឋកាលីហ្វ័រញ៉ា មិនឲ្យជំរុញពលរដ្ឋទៅប្រើប្រាស់យានយន្តអគ្គិសនីនោះឡើយ ខណៈគូប្រជែងរបស់លោក គឺលោក ចូ បៃដិន (Joe Biden) បានសន្យាថា នឹងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពន្លឿនគោលការណ៍បៃតងថ្មីនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យសេតវិមានលោក ហ្សាក ឌា (Judd Deere) បានហៅការផ្លាស់ប្តូរនេះថា «ជារឿងដ៏គួរឲ្យព្រួយបារម្ភ» ហើយវានឹងបំផ្លាញការងារ និងបង្កើនថ្លៃចំណាយសម្រាប់ប្រជាជន។ លោក Deere បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមិនឈរនៅស្ងៀមឡើយ។

ដោយឡែកក្រុមអ្នកតំណាងមកពីក្រុមហ៊ុនផលិតរថយន្តធំៗរួមមាន General Motors, Toyota Motor និង Volkswagen AG បានបង្ហាញមន្ទិលចំពោះបំរាមថ្មីនេះ ដោយសារតែទីផ្សារយានយន្តអគ្គិសនីបច្ចុប្បន្ន ដែកមាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាមានតិចជាង ១០ភាគរយតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា រដ្ឋកាលីហ្វ័រញ៉ានៅតែអនុវត្តបានល្អ ជាងបណ្តាផ្សេងៗទៀតនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋ ២៤ផ្សេងទៀតបានប្តឹងរដ្ឋបាលលោក ត្រាំ ជុំវិញការបានលុបចោលស្តង់ដារនៃការបំភាយ CO2 ដែលបានអនុម័តនៅក្នុងរដ្ឋបាល នៃអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ហើយបានព្យាយាមរារាំងមិនធ្វើឲ្យអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា អនុវត្តច្បាប់ទប់ទល់ការបំពុលបរិស្ថានផងដែរ។

រហូតមកទល់ពេលនេះ រដ្ឋបាលលោក ត្រាំ នៅតែបន្តសង្គ្រាម​ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋកាលីហ្វ័រញ៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រដ្ឋកាលីហ្វ័រញ៉ាកាលពីសប្តាហ៍មុន ដើម្បីត្រួតពិនិត្យស្ថានការណ៍ភ្លើងឆេះព្រៃ លោក ដូណាល់ ត្រាំ បានប្រកែកជាមួយអភិបាលរដ្ឋកាលីហ្វ័រញ៉ា ដោយលោកផ្ទាល់បានអះអាងថា ភ្លើងឆេះព្រៃមិនមែនត្រូវបានបង្កឡើង ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុអ្វីនោះឡើយ ប៉ុន្តែវាអាចជាទង្វើរបស់មនុស្ស ឬការធ្វេសប្រហែសច្រើនជាង៕