(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល ត្រាំ បានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀត ទៅលើប្រទេសគុយបាកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយហាមឃាត់ ពលរដ្ឋអាមេរិកាំងមិនឲ្យស្នាក់នៅសណ្ឋាគារដែលគ្រប់គ្រងដោយរដ្ឋាភិបាលគុយបា ក៏ដូចជាការនាំចូលបារី និងស្រាផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេតវិមានទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា វិធានការថ្មីនេះគឺជាផ្នែកមួយនៃយុន្ធសាស្រ្តរបស់យើង ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការគាបសង្កត់របស់ពួកកុម្មុយនិស្ត ហើយលោកបានបង្គាប់ឲ្យក្រសួងរតនាគារអាមេរិក ហាមឃាត់អ្នកធ្វើដំណើរមិនឲ្យស្នាក់នៅ សណ្ឋាគារដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលគុយបា។ លើសពីនេះទៅទៀត ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងធ្វើការរឹតត្បិតចំពោះការនាំចូលស្រា និងថ្នាំជក់ផងដែរពីប្រទេសគុយបា។

គួររំលឹកថា ចាប់តាំងពីចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០១៧ លោក ត្រាំ បានរឹតបន្តឹងទណ្ឌកម្មលើប្រទេសគុយបាឡើងវិញ ដែលធ្លាប់បានបន្ធូរបន្ថយកាលពីអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ កាលពីខែមិថុនា ឆ្នាំ ២០១៩ រដ្ឋបាលលោក ត្រាំ ក៏បានដាក់កំហិតយ៉ាងខ្លាំងផងដែរ ចំពោះការធ្វើដំណើរទៅកាន់ប្រទេសគុយបាម្តងរួចទៅហើយ ក្នុងគោលបំណងដើម្បីដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាលកុម្មុយនិស្តមួយនេះ សម្រាប់ការគាំទ្ររបស់ខ្លួន ចំពោះប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Madoru)។

គួរបញ្ជាក់តាមក្រសួងរតនាគារអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យមាន ការធ្វើដំណើរក្នុងន័យចុះកម្មសិក្សារវាងប្រជាជន និងប្រជាជន ដែលជាកម្មវិធីដ៏ពេញនិយមបំផុត សម្រាប់និស្សិតអាមេរិកនោះទៀតទេ។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិកនឹងឈប់ផ្តល់សិទ្ធិឲ្យអ្នកដំណើរតាមនាវាកម្សាន្ត និងយន្តហោះឯកជន ព្រមទាំងក្រុមហ៊ុនទេសចរនានា ធ្វើដំណើរទៅកាន់ប្រទេសគុយបាផងដែរ៕