(តៃប៉ិ)៖ សេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះ ពីមូលដ្ឋានកងទ័ពអាកាស ម៉ាគុង (Makung) ស្ថិតនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់បានបង្ហាញថា កងទ័ពអាកាសតៃវ៉ាន់បានដាក់ឲ្យប្រើប្រាស់ មីស៊ីលកម្ទេចទីតាំង ឬមីស៊ីលគ្រូស (Cruise missile) ដែលមានសមត្ថភាពហោះហើរដល់ចិនដីគោក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ព័ត៌មានខាងលើបានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing Wen) បានបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Makung ស្ថិតលើទីប្រជុំកោះ ប៉េងហ៊ូ (Penghu) នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅ។ ក្រោយទស្សនកិច្ចនេះ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ហ្វ័រម៉ូសា (Formosa TV) បានបង្ហាញអាវុធជាច្រើនប្រភេទ ក្នុងនោះរួមមានទាំងគ្រូសមីស៊ីល វ៉ានចៀន (Wan Chien) ផងដែរ។ Wan Chien គឺជាប្រភេទគ្រូសមីស៊ីលបាញ់ពីអាកាសទៅដីគោកក្នុងចំងាយ ១៥០ម៉ៃយ៍ ឬជាង ២៤០គីឡូម៉ែត្រ ហើយចំងាយនេះត្រូវបានក្រុមអ្នកជំនាញយោធាអះអាងថា អាចបាញ់ដល់ចិនដីគោកដូចជាទីក្រុង សៀមិន (Xiamen) ជាដើម។ បន្ថែមពីលើនេះ ក្រៅពីមីស៊ីល Wan Chien ទូរទស្សន៍ Formosa TV ក៏បានសម្ញែងផងដែរនូវមីស៊ីលប្រឆាំងនាវាចម្បាំង AGM-84 Harpoon (ហាភូន) ដែលជាផលិតផលរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់បានពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំង តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងទិញអាវុធពីសហរដ្ឋអាមេរិក រួមទាំងអភិវឌ្ឍផលិតអាវុធដោយខ្លួនឯង ស្របពេលចិនកំពុងបង្កើនសកម្មភាពយោធា នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ ចិនដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួនស្របតាមច្បាប់នោះ បានព្រមានជារឿយៗថា នឹងប្រើប្រាស់កម្លាំងយោធាវាយកាន់កាប់កោះតៃវ៉ាន់ ប្រសិនបើទីក្រុងតៃប៉ិហ៊ានប្រកាសឯករាជ្យ ឬមានកម្លាំងខាងក្រៅណាមួយ ប៉ុនប៉ងបំបែកតៃវ៉ាន់ចេញពីចេញដីគោក។

យ៉ាងណាក៏ដោយ លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing Wen ដែលកំពុងបង្ហាញទំនាក់ទំនង កាន់តែបើកចំហជាមួយសហរដ្ឋអាមេរិកនោះធ្លាប់បានបញ្ជាក់ថា ទីក្រុងតៃប៉ិមិនចាំបាច់ប្រកាសឯករាជ្យនោះទេ ដ្បិតតៃវ៉ាន់គឺជាប្រទេសឯករាជ្យមួយហើយ ដោយមានឈ្មោះផ្លូវការថា «សាធារណរដ្ឋចិន»។ គួររំលឹកបន្ថែមថា បច្ចុប្បន្នកោះតៃវ៉ាន់មានទំនាក់ទំនងការទូតផ្លូវការ ជាមួយប្រទេសតែ ១៥ ប៉ុណ្ណោះនៅលើពិភពលោក ដែលនេះជាចំនួនថយចុះ ដោយសារតែការកើនឡើងនៃអំណាចចិនលើឆាកអន្តរជាតិ បានធ្វើឲ្យប្រទេសធ្លាប់មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ងាកទៅគាំទ្រនយោបាយចិនតែមួយវិញ នោះគឺការចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ៕