(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៤,៤៦៥ករណីថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២៥៧,៣៨៨នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ១៤០នាក់ ក៏បានបាត់បង់ជីវិតផងដែរ នំាឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៩,៩៧៧នាក់ ដែលជាតួលេខអ្នកស្លាប់ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈ១៨៧,៩៥៨នាក់ បានជាសះស្បើយឡើងវិញ។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីកិច្ចការសាសនា លោក Fachrul Razi បានក្លាយជារដ្ឋមន្ត្រីទី៣ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបាន ធ្វើតេស្ដវិជ្ជមាន COVID-19 ដោយមានរោគសញ្ញាស្រាល បន្ទាប់ពីរដ្ឋមន្ត្រីដឹកជញ្ជូន លោក Budi Karya Sumadi និងរដ្ឋមន្ត្រីជលផល លោក Edhy Prabowo ដែលបានជាសះស្បើយឡើងវិញហើយ៕