(ប៉េកាំង)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងគាំទ្រដោយរដ្ឋាភិបាលចិនគឺ China National Biotec Group (CNBG) មានក្ដីសង្ឃឹមថាបេក្ខភាពវ៉ាក់សាំង COVID-19 ចំនួន២របស់ខ្លួន អាចនឹងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈនៅក្នុងឆ្នាំ២០២០នេះ។ នេះបើតាមសម្តីលោក ចាង យុនតាវ (Zhang Yuntao) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

លោក Zhang Yuntao ជាអនុប្រធានក្រុមហ៊ុន CNBG ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃអង្គារនេះ។ លោក Zhang បានគូសបញ្ជាក់ដូច្នេះថា៖ «CNBG កំពុងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធពីលក្ខខណ្ឌតម្រូវនានា ដើម្បីទទួលបានការអនុញ្ញាតលើវ៉ាក់សាំង COVID-19 ចំនួន២ របស់ក្រុមហ៊ុន»។ លោកបន្ថែមថា បើសិនជា វ៉ាក់សាំងទាំង២នេះ ដំណើរការទៅមុខដោយរលូន នោះពួកវាអាចនឹងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈនៅក្នុងឆ្នាំនេះ។ ក៏ប៉ុន្តែ លោក Zhang មិនបានបញ្ជាក់លម្អិតពីកិច្ចពិភាក្សារនេះទេ ហើយរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិន ក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ។

គួរជម្រាបថា CNBG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋចិន China National Pharmaceutical Group Co Ltd ឬ Sinopharm។ បេក្ខភាពវ៉ាក់សាំងចំនួន២ របស់ ក្រុមហ៊ុន CNBG ធ្លាប់ត្រូវបានបញ្ចូលនៅក្នុងកម្មវិធីសង្រ្គោះបន្ទាន់របស់ចិន កាលពីខែកក្កដាកន្លងទៅ ហើយមួយក្នុងចំណោមបេក្ខភាពវ៉ាក់សាំងទាំង២នេះទៀតសោត ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នៅខែកញ្ញានេះ ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមផងដែរ ជាទីដែលក្រុមហ៊ុន CNBG កំពុងដឹកនាំការធ្វើតេស្ដលើមនុស្ស ក្នុងដំណាក់កាលទី៣៕