(ម៉ុមបៃ)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅក្បែរទីក្រុងម៉ុមបៃ (Mumbai) កាលពីថ្ងៃម្សិលមិញនេះបានកើនដល់ ២០នាក់ហើយ ខណៈមនុស្ស ២០-២៥នាក់ទៀតត្រូវបានគេសង្ស័យថា កំពុងជាប់ក្រោមគំនរបាក់បែកនៃអគារដែលបាក់រលំនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

តាមប្រភពពីរដ្ឋាភិបាលឥណ្ឌា ហេតុការណ៍បាក់រលំអគារខាងលើបានកើតឡើងនៅក្នុងទីក្រុងប៊ីវ៉ាន់ឌី (Bhiwandi) ដែលមានចម្ងាយប្រហែល ៣៨គីឡូម៉ែត្រពីទីក្រុងម៉ុមបៃ (Mumbai) នៃភាគខាងត្បូងប្រទេសឥណ្ឌា។ អគារនេះ មានអាយុកាល ៤៣ឆ្នាំហើយ ដោយមានបន្ទប់ប្រមាណជា ៤០បន្ទប់ និងមនុស្សជិត ១៥០នាក់រស់នៅទីនោះ។

មន្រ្តីផ្នែកទំនាក់ទំនងស៊ីវិលប្រចាំទីក្រុង Bhiwandi លោក មីឡាញ ផាល់ស៊ូល (Milind Palsule) បានគូសបញ្ជាក់បន្ថែមថា «ក្រុមអ្នកជួយសង្គ្រោះប្រមាណ ៧០នាក់ បាននិងកំពុងបន្តព្យាយាមជួយសង្គ្រោះមនុស្សពី ២០នាក់ ទៅ ២៥នាក់ទៀតដែលត្រូវបានគេសង្ស័យថា កំពុងជាប់ក្រោមគំនរបាក់បែកនៃអគារដែលបាក់រលំនោះ។ កំលុងប្រតិបត្តិការជួយសង្គ្រោះថ្ងៃទីពីរនេះ បានរកឃើញមនុស្សចំនួន ២៥នាក់រងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្សប្រហែល ២០នាក់ទៀតត្រូវបានជួយសង្គ្រោះភ្លាមៗ ដោយអ្នកស្រុកនៅទីនោះ»

គួរជម្រាបថា ហេតុការណ៍បាក់រលំអគារនៅក្នុងប្រទេសឥណ្ឌា បានកើតឡើងជាញឹកញាប់នៅរដូវវស្សាក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញានេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ កាលពីខែមុនមនុស្ស ១២នាក់បានស្លាប់ បន្ទាប់ពីអគារមួយបានដួលរលំនៅក្នុងទីក្រុងឧស្សាហកម្ម ម៉ាហាដ (Mahad) ដែលមានចម្ងាយ ១៦៥គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Mumbai៕