(ប៉េកាំង)៖ កាសែតដែលគាំទ្រដោយរដ្ឋាភិបាលចិន Global Times បានចេញផ្សាយអត្ថបទវិចារណកថាមួយថា រដ្ឋាភិបាលចិនទំនងជាមិនយល់ព្រមលើ កិច្ចព្រម ព្រៀងក្នុងកិច្ចទិញលក់រវាងក្រុមហ៊ុន TikTok ជាមួយក្រុមហ៊ុនអាមេរិក Oracle និង Walmart ដោយបាននិយាយថា កិច្ចព្រមព្រៀងនេះគឺ «អយុត្តិធម៌» ចំពោះ អនាគតនៃក្រុមហ៊ុន TikTok ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិក Oracle និង Walmart ជាមួយក្រុមហ៊ុនចិន ByteDance ក្នុងការផ្លាស់ប្ដូរពីអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ទៅជាក្រុមហ៊ុនថ្មី TikTok Global ដើម្បីរួចផុតពីការបិទនៅសហរដ្ឋ អាមេរិក ត្រូវបានកាសែតគាំទ្ររដ្ឋាភិបាលចិនខាងលើ ចុះផ្សាយថា វាគឺជារបៀបសម្លុតមួយ (Style) ដែលអាមេរិកតែងតែធ្វើចំពោះបណ្ដាប្រទេសទន់ខ្សោយ។

លោក Hu Xijin និពន្ធនាយកកាសែតខាងលើបានសរសេរថា ចំពោះព័ត៌មានទាក់ទងនឹងការទិញលក់មិនត្រូវបានបង្ហាញ ជាពិសេសហេតុអ្វីបានជារដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោនលូកដៃជ្រៅនៅក្នុងរឿងនេះ ហើយលោកជឿថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន TikTok Global ដែលនឹងត្រូវបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Oracle និង Walmart ជាមួយក្រុមហ៊ុនចិន ByteDance ដោយក្នុងនោះ ក្រុមហ៊ុន ByteDance កាន់កាប់ចំណែកភាគហ៊ុន ៨០ភាគរយ ប៉ុន្តែចំពោះទិន្នន័យផ្សេងៗគឺត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Oracle ៕