(ស៊ីដនី)៖ ត្រីបាឡែនប្រហែល ៩០ក្បាលបានងាប់ និងជាង ១៨០ក្បាលទៀតកំពុងជាប់ខ្លួន​នៅឯឆ្នេរសមុទ្រដាច់ស្រយាលមួយ នៅភាគខាងត្បូងប្រទេសអូស្រ្តាលី ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ បានចាប់ផ្តើមហើយនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានឲ្យដឹងថា ត្រីបាឡែនធំៗពីរក្បាលបានជាប់ខ្លួននៅលើឆ្នេរខ្សាច់នៅតំបន់ ម៉ាកខ្វារី ហាប៊ឺ (Macquarie Harbour) នៅឯឆ្នេរភាគខាងលិចនៃរដ្ឋដីកោះ តាស្មានៀ (Tasmania)។ រូបភាពដែលថតចេញពីកន្លែងកើតហេតុបានបង្ហាញថា មានហ្វូងត្រីបាឡែនដែលជាប់នៅតំបន់ទឹករាក់ បានព្យាយាមរើបម្រាស់ដើម្បីស្វែងរកផ្លូវចេញ។

អ្នកជំនាញផ្នែកជីវៈចំរុះក្នុងសមុទ្រលោក គ្រីស ខាលយ៉ុន (Kris Carlyon) បានគូសបញ្ជាក់ថា ត្រីបាឡែនប្រហែល ១/៣ បានងាប់កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ហើយប្រតិបត្តិការដើម្បីជួយសង្គ្រោះត្រីបាឡែន ដែលកំពុងជាប់គាំងគឺជាកិច្ចការដ៏លំបាក ដែលទំនងជាចំណាយពេលច្រើនថ្ងៃទៀត។ អ្នកជំនាញរូបនេះបានបន្តទៀតថា ក្រុមអ្នកជួយសង្គ្រោះនឹងផ្តោតសំខាន់លើត្រីបាឡែន ដែលជាប់នៅក្នុងតំបន់ដែលអាចឲ្យយើងស្រួលចូលទៅបំផុត ហើយបញ្ហាប្រឈមធំបំផុតនោះ គឺការជួយសង្គ្រោះហ្វូងត្រីបាឡែនដែលកំពុងជាប់នៅលើឆ្នេរខ្សាច់។

គួរបញ្ជាក់ថា មនុស្សប្រហែល ៦០នាក់រួមទាំងអ្នកស្ម័គ្រចិត្ត និងកម្មករចិញ្ចឹមត្រីនៅក្បែរនោះ ក៏បានចូលរួមក្នុងការប៉ុនប៉ងជួយសង្គ្រោះនេះផងដែរ។ រហូតមកទល់ពេលនេះ ត្រីបាឡែនមួយក្បាលត្រូវបានជួយសង្គ្រោះដោយជោគជ័យហើយ។ ក្រុមអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលបណ្តាលឲ្យហ្វូងត្រីបាឡែនជាប់គាំងនៅឡើយទេ ហើយបើតាមការសន្និដ្ឋានតំណាក់កាលដំបូង ពួកវាប្រហែលជាបានវង្វេងផ្លូវតាមគ្នា ឬក៏អាចមានបាតុភូតធម្មជាតិណាមួយ ជាអ្នកជម្រុញសកម្មភាពពួកវាក៏ថាបាន៕