(ញូយ៉ក)៖ អាជ្ញាធរអាមេរិកបានចោទប្រកាន់ លើមន្ត្រីប៉ូលិសក្រុងញូយ៉ក ជាជនជាតិចិន-ទីបេម្នាក់ពីបទធ្វើចារកម្ម និងប្រមូលព័ត៌មានសម្ងាត់ ពាក់ព័ន្ធនឹងសហគមន៍ជនជាតិទីបេ ក្នុងទីក្រុងញូយ៉ក ឱ្យរដ្ឋាភិបាលចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

បើតាមការចោទប្រកាន់ ដែលត្រូវបានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងញូយ៉ក) មន្ត្រីប៉ូលិសញូយ៉កខាងលើ ដែលបម្រើការនៅឯស្ថានីយប៉ូលិសក្នុងសង្កាត់ ឃ្វីនស៍ (Queens) បានធ្វើការតាមការបង្គាប់បញ្ជា ពីមន្ត្រីស្ថានកុងស៊ុលចិនក្នុងទីក្រុងញូយ៉ក ហើយតាមរយៈទំនាក់ទំនងជាមួយសហគមន៍ទីបេ បុរសវ័យ ៣៣ឆ្នាំរូបនេះ បានចាប់ផ្ដើមប្រមូលព័ត៌មាន នៅចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២០ ទាក់ទងនឹងសកម្មភាពរបស់សហគមន៍ជនជាតិទីបេ។

បន្ថែមពីលើនេះ ការចោទប្រកាន់ដដែលបានឱ្យដឹងទៀតថា មន្ត្រីប៉ូលិសញូយ៉ករូបនេះ ក៏បានអនុញ្ញាតឱ្យមន្ត្រីស្ថានកុងស៊ុលចិន ចូលរួមក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំឡើងដោយនាយកដ្ឋានប៉ូលិសក្រុងញូយ៉ក និងថែមទាំងបានទទួលប្រាក់រាប់ម៉ឺនដុល្លារ ពីអាជ្ញាធរចិនផងដែរ។

គួរបញ្ជាក់ថា បុរសជនជាតិទីបេខាងលើ បានបង្ហាញខ្លួននៅមុខចៅក្រមអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ន។ បុរសរូបនេះ កើតនៅក្នុងប្រទេសចិន បានទទួលសិទ្ធិជ្រកកោននយោបាយ នៅក្នុងសហរដ្ឋអាមេរិក ក្រោយពីបានអះអាងថា រូបគេបានរងការធ្វើទារុណកម្មពីអាជ្ញាធរចិន ដោយសារតែលោកគឺជាជនជាតិទីបេ។ ភាគីចិនមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ ជុំវិញសេចក្តីរាយការណ៍ព័ត៌មាន និងការចោទប្រកាន់ពីសំណាក់ អាជ្ញាធរអាមេរិកខាងលើនេះ៕