(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃចន្ទនេះ បានបង្កើនវោហាសាស្ត្ររបស់ខ្លួន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយបានលើកឡើងថា រាល់ការគាំទ្រណាមួយចំពោះឯករាជ្យរបស់កោះនេះ នឹងត្រូវបរាជ័យ ព្រមទាំងបានព្រមានថា ខ្លួននឹងចាត់វិធានការសងសឹកសមស្របមួយ ចំពោះដំណើរទស្សនកិច្ចមន្ត្រីការទូតជាន់ខ្ពស់អាមេរិក ទៅកាន់កោះមួយនេះទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បានហៅដំណើរទស្សនកិច្ចរបស់ប្រេសិតអាមេរិកទៅកាន់កោះតៃវ៉ាន់ ថាជា «ការបង្កហេតុផ្នែកនយោបាយ» និងបានគំរាមសងសឹកវិញ ឲ្យសមនឹងតម្លៃ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា «ប្រទេសចិននឹងចាត់វិធានការសមស្របមួយ រាប់បញ្ចូលទាំងបុគ្គលដែលពាក់ព័ន្ធផងដែរ»។ ជុំវិញបញ្ហានេះដែរ លោក Wang បានសង្កត់ធ្ងន់ថា រាល់ការគាំទ្រចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់ «ចុងបញ្ចប់គឹផ្លូវទាល់ច្រក ដែលនឹងបរាជ័យជានិច្ច»។

គួរជម្រាបថា កោះតៃវ៉ាន់ដែលត្រូវបានប្រទេសចិនចាត់ទុកត្រឹមតែជាខេត្តមួយរបស់ខ្លួននោះ បានបង្ហាញទំនាក់ទំនងកាន់តែបើកចំហ ជាមួយសហរដ្ឋអាមេរិក តាមរយៈការទទួលមន្ត្រីជាន់ខ្ពស់អាមេរិកពីររូប មកបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងទីក្រុងតៃប៉ិកាលពីខែសីហា និងនៅក្នុងខែកញ្ញានេះតែម្តង។ ប្រការនេះបានធ្វើឲ្យទីក្រុងប៉េកាំង ចេញសារព្រមានជាច្រើនដង និងបានរៀបចំធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ដែលបាននិងកំពុងធ្វើឲ្យកោះតៃវ៉ាន់ ព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលអាចផ្ទុះសង្គ្រាមឡើង៕