(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្សីនៅថ្ងៃចន្ទនេះបានប្រកាសថា ការធ្វើសមយុទ្ធយោធាអន្តរជាតិ កាវកាស២០២០ (Kavkaz-2020) ពីរដំណាល់កាលនឹងចាប់ផ្ដើមពីថ្ងៃទី២១-២៦ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

បើតាមក្រសួងការពារជាតិរុស្ស៊ី នាវាប្រយុទ្ធជាង ២០គ្រឿង​របស់កងនាវាចរលើដែនសមុទ្រខ្មៅ នៃកងទ័ពជើងទឹករុស្ស៊ី បានចូលរួមក្នុងដំណាក់កាលដំបូងនៃសមយុទ្ធយោធាអន្តរជាតិ «Kavkaz-2020» នេះ និងបានកំពុងបំពេញភារកិច្ចនៅតាមសមុទ្រ។ ការធ្វើសមយុទ្ធដំណាក់កាលដំបូងនេះ ពាក់ព័ន្ធនឹងការយកឈ្នះលើការពង្រាយគ្រាប់មីន និងបំពេញបេសកកម្មប្រឆាំងនាវាមុជទឹក។

គួរជម្រាបថា កាលពីដើមខែនេះ ក្រសួងការពារជាតិរុស្សីបានជូនដំណឹងថា ខ្លួនបានអញ្ជើញទាហានមកពីប្រទេស អាមេនី (Armenia), បេឡារុស (Belarus), ចិន (China), មីយ៉ាន់ម៉ា (Myanmar), ប៉ាគីស្ថាន (Pakistan), និងអ៊ីរ៉ង់ (Iran) ឲ្យចូលរួមក្នុងសមយុទ្ធយោធាអន្តរជាតិ «Kavkaz-2020» របស់ខ្លួន ខណៈគណៈប្រតិភូមកពីប្រទេស អាស៊ែបៃហ្សង់ (Azerbaijan), ឥណ្ឌូណេស៊ី (Indonesia), កាហ្សាក់ស្ថាន (Kazakhstan), តាហ្សីគីស្ថាន (Tajikistan), និងស្រីលង្កា (Sri Lanka) ក៏បានគ្រោងនឹងចូលរួមសមយុទ្ធយោធាអន្តរជាតិនេះ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។

ចំណែកឯទាហានអ៊ីរ៉ង់ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងសមយុទ្ធកងទ័ពជើងទឹកនៅក្នុងដែនទឹកនៃសមុទ្រខ្មៅ (Black Sea) និងសមុទ្រកាស្ពៀន (Caspian Sea)៕