(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយនៅថ្ងៃអាទិត្យនេះថា ចក្រភពអង់គ្លេសកំពុងស្ថិតត្រង់ចំណុចរបត់ដ៏គ្រោះថ្នាក់មួយ នៅចំពោះមុខជំងឺ COVID-19 ដោយបានព្រមានថា វិធានការបិទខ្ទប់ប្រទេសជាលើកទី២ អាចនឹងត្រូវដាក់ម្តងទៀត ប្រសិនបើប្រជាពលរដ្ឋមិនគោរពតាមវិធាការនានារបស់ក្រសួងសុខាភិបាលទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Hancock បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសនេះ(អង់គ្លេស) កំពុងប្រឈមមុខនឹងចំណុចរបត់មួយ ហើយយើងមានជម្រើសមួយ គឺមនុស្សគ្រប់រូបត្រូវតែគោរពច្បាប់...ឬយើងនឹងចាត់វិធានការបន្ថែមទៀត»

គួរជម្រាបថា នៅអង់គ្លេសចំនួនករណីឆ្លង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងយ៉ាងគំហុក ដោយក្នុងមួយថ្ងៃបានកត់ត្រាករណីឆ្លងថ្មីៗរហូតដល់ជាង ៤,០០០នាក់។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានហៅសន្ទុះនេះថា ជាការឆ្លងរលកទីពីរ ខណៈវិធានការរឹតត្បិតនានា ត្រូវបានណែនាំនៅទូទាំងប្រទេស។ រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសមានករណីឆ្លងសរុបជាង ៣៩០,០០០ករណី ក្នុងនោះស្លាប់ ៤១,៧៥៩នាក់៕