(វ៉ាស៊ីនតោន)៖ អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានសន្យាជាថ្មីម្ដងទៀតថា អ៉ីរ៉ង់នឹងសងសឹកសហរដ្ឋអាមេរិក រួមទាំងអ្នកពាក់ព័ន្ធទាំងដោយផ្ទាល់ ឬប្រយោល ឱ្យវិញ្ញាណក្ខន្ធអតីតមេទ័ពកំពូល លោក Qassem Soleimani ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិត កាលពីដើម ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។

នាយឧត្ដមសេនីយ៍ឯក លោក Hossein Salami ធ្វើការសន្យាក៏ដូចជាព្រមានខាងលើ នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមេបញ្ជាការកងទ័ពអ៉ីរ៉ង់ និងជា សារមួយផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មាន Tasnim នៅថ្ងៃអាទិត្យនេះ។ ថ្លែង នៅក្នុងសុន្ទកថាដដែល លោក Salami បានព្រមានត្រង់ៗដូច្នេះថា៖ «ការសងសឹកឱ្យវិញ្ញាណក្ខន្ធមេទ័ពកំពូលដ៏ឆ្នើមរបស់យើង គឺជារឿងជាក់លាក់, ប្រាកដប្រជា និងជាការពិត។ យើងនឹងសងសឹក លើអ្នកទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធទាំងដោយផ្ទាល់ ឬដោយប្រយោល នឹងការស្លាប់របស់ បុរសដ៏អស្ចារ្យម្នាក់នេះ (លោក Qassem Soleimani)»

គួរជម្រាបថា លោក Qassem Soleimani ដែលគេជឿជាក់ថាជាមនុស្សមានឥទ្ធិពលធំទី២ នៅអ៉ីរ៉ង់ ត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យ យន្ដហោះដ្រូនអាមេរិក សម្លាប់ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ។ ក្រោយមរណភាពនេះ អ៉ីរ៉ង់បានសន្យាជាច្រើន លើកថានឹងសងសឹកសហរដ្ឋអាមេរិក ហើយសូម្បីតែមន្ត្រីចារកម្មអាមេរិកខ្លះក៏ជឿជាក់ដែរថាទីក្រុងតេហេរ៉ង់ កំពុងរៀបចំផែនការសងសឹក។

ជាក់ស្ដែងកាលពីសប្ដាហ៍មុន សារព័ត៌មាន Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានចេញផ្សាយថាក្រុមមន្ត្រីចារកម្ម អ៉ីរ៉ង់ មានផែនការសម្លាប់អគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូងគឺលោកស្រី Lana Marks ជាការសងសឹកឱ្យលោក Soleimani។ ក្រោយ ការចុះផ្សាយព័ត៌មាននេះ លោក ដូណាល់ ត្រាំ បានព្រមានថាសហរដ្ឋអាមេរិក នឹងវាយប្រហារមួយគុណនឹង ១,០០០ដង បើសិនជាអ៉ីរ៉ង់ហ៊ាន បើកការវាយប្រហារណាមួយមកលើអាមេរិក។ ប៉ុន្តែទន្ទឹមគ្នា ក្រុមមន្រ្តីអ៉ីរ៉ង់បានទាត់ចោលការចេញផ្សាយរបស់សារព័ត៌មាន Politico៕