(ហុងកុង)៖ ភាពតានតឹង និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន កាន់តែមានសភាពពុះកញ្រ្ជោលឡើង ដោយបង្កឱ្យអ្នកជំនាញខ្លះបារម្ភខា្លចក្រែង ជម្លោះប្រដាប់អាវុធ ឬសង្គ្រាម អាចនឹងផ្ទុះឡើងដោយជៀសមិនរួចនៅថ្ងៃណាមួយ ហើយអាចនឹងបង្ខំឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវសម្រេចចិត្តជ្រើសរើសថាត្រូវឈរនៅ ខាងចិន ឬសហរដ្ឋអាមេរិក។

ជាការពិតណាស់ លទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានមជ្ឈដ្ឋានភាគច្រើនយល់ថាវាមិនអាចកើតឡើងក្នុងពេលបច្ចុប្បន្ន ឬអនាគតដ៏ខ្លីខាងមុខ។ ប៉ុន្តែ អ្នកជំនាញដូចជាលោក Joshua Kurlantzick ជាអ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍មកពីវិទ្យាសា្ថនក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (Council on Foreign Relations) យល់ថា បើសិនជាសង្រ្គាមរវាងអាមេរិក និងចិន ផ្ទុះឡើងដោយជៀសមិនរួច នោះបណ្ដាប្រទេសតូចៗ ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ថៃ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី នឹងពិបាកក្នុងការរក្សាជំហរអព្យាក្រឹត ដោយសារតែទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ពួកគេស្ថិតនៅចំចំណុចកណ្ដាលនៃការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន។

លោក Joshua បន្ថែមទៀតថា ម៉ាឡេស៊ី, ហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលកំពុងមានជម្លោះដែនទឹកស្រាប់ជាមួយចិន អាចនឹងស្នើសុំអន្តរាគមន៍ពីសហរដ្ឋអាមេរិក ក្នុងករណី មើលឃើញថាផលប្រយោជន៍តាមផ្លូវចរចារបស់ពួកគេរងការគំរាមកំហែងពីចិន។ ចំណែកឯ សិង្ហបុរី និងថៃ រួមទាំងបណ្ដាប្រទេសដទៃក្នុងតំបន់ ដំបូងអាចនឹងប្រកាសជំហរអព្យាក្រឹត គឺអាស្រ័យទៅលើហេតុផលនៃការផ្ទុះសង្រ្គាម និងទំហំនៃផលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ នៅក្នុងន័យនេះ លោក Joshua ពន្យល់ថាប្រទេសទាំងនេះនឹងរង់ចាំមើលសិន ថាតើសង្រ្គាមនឹងផ្ទុះឡើងតែនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ឬក៏យ៉ាងណា? ហើយបើសង្រ្គាមរាលដាលកាន់តែធំរហូតដល់ប៉ះពាល់ដល់ប្រយោជន៍ ឬដែនទឹករបស់ខ្លួន នោះពួកគេ អាចនឹងឈរនៅខាងសហរដ្ឋអាមេរិក ដោយសារតែកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាសម្ព័ន្ធមិត្តដែលមានស្រាប់ជាមួយទីក្រុងវ៉ាស៊ីនតោន។

តែទោះជាយ៉ាងនេះក្ដី ផ្ទុយពីលោក Joshua លោក Max Montero ជាអ្នកជំនាញយោធាម្នាក់ យល់ថាទាំងសហរដ្ឋអាមេរិក និងចិន ដឹងយ៉ាងច្បាស់ពីទំហំខូចខាតនៃសង្រ្គាម ដូច្នេះ មហាអំណាចទាំង២ អាចនឹងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងក្នុងពេលឆាប់ៗនេះ ពីព្រោះជម្លោះ ឬភាពតានតឹងបច្ចុប្បន្នគ្រាន់តែជាផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។ លោក Montero បានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិតចូលមកដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រើប្រាស់ភាពតានតឹងជាមួយចិន ដើម្បី ប្រយោជន៍នយោបាយរបស់លោក។ ចំណែកឯ ប្រធានាធិបតីចិន លោក ស៊ី ជិងពីងវិញ ក៏ដូចគ្នាដែរ គឺលោកកំពុងប្រើប្រាស់ការប្រឈមមុខដាក់គ្នាជាមួយអាមេរិក ដើម្បីបង្វែរ ការចាប់អារម្មណ៍ពីប្រជាជនចិន ពីបញ្ហាសេដ្ឋកិច្ច ព្រមទាំងបង្រ្កាបគំនិតប្រឆាំងនឹងរូបលោក នៅក្នុងគណបក្សកុម្មុយនិស្ដចិន»

ប្រភព៖ South China Morning Post