(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលខាងផ្នែកប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក លោក ថម ហ្វ្រាយដិន (Tom Frieden) បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក គឺជាការឆ្លុះបញ្ចាំងពីភាពបរាជ័យមួយរបស់ប្រទេសជាតិ នៅក្នុងការការពារ និងទប់ស្កាត់ជំងឺរាតត្បាតសកលនេះឲ្យបានត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

បើតាមការដកស្រង់សម្ដីរបស់អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកបានគូសបញ្ជាក់ឲ្យដឹងថា «ចំនួនអ្នកស្លាប់ពិតប្រាកដ គឺអាចនឹងមានចំនួនខ្ពស់ជាងនេះ ពីព្រោះមិនមែនគ្រប់ការស្លាប់ទាំងអស់ ត្រូវគេកំណត់អត្តសញ្ញាណបាននោះទេ ហើយនេះគឺជាចំនួនដ៏គួរឱ្យរន្ធត់បំផុតហើយ»។

បើប្រៀបធៀបចំនួនអ្នកស្លាប់ និងអត្រាមរណភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសអាល្លឺម៉ង់ និងកូរ៉េខាងត្បូង លោក Frieden បានប្រាប់សារព័ត៌មាន CNN ថា «ទាំងនេះគឺជាជីវិត ដែលត្រូវបានបាត់បង់ហើយ ពីព្រោះយើងមិនមានការរៀបចំសហព័ន្ធ ដែលផ្សាភ្ជាប់គ្នាឡើយ ប៉ុន្តែវាត្រូវបានគេសន្មត់ថា អាចនឹងមានចំនួនច្រើនជាងអ្នកស្លាប់ដោយសារការធ្វើអត្តឃាត, ការប្រើថ្នាំជ្រុលលើសកម្រិត, និងមេរោគអេដស៍ទៅទៀត»

គួរបញ្ជាក់ថា បើតាមសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ COVID-19 មានសរុបជិត ៧លានករណី ក្នុងនោះស្លាប់ជាង ២សែននាក់ និងជាសះស្បើយវិញជាង ៤លាននាក់។ សហរដ្ឋអាមេរិក នៅតែបន្តឈរនៅលេខ ១ ខណៈឥណ្ឌាឈរលេខ ២ និងប្រេស៊ីលឈរលេខ ៣៕