(តៃវ៉ាន់)៖ ទ័ពអាកាសរបស់កោះតៃវ៉ាន់បានបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតក្នុងរយៈពេល ០២ថ្ងៃជាប់ៗគ្នា ក្រោយយន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្លងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលរដ្ឋាភិបាលកោះតៃវ៉ាន់ បានទទូចឲ្យទីក្រុងប៉េកាំង «ដកថយជាបន្ទាន់»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា យន្ដហោះចម្បាំងចិនសរុបចំនួន ១៩គ្រឿង បានហោះក្បែរកោះតៃវ៉ាន់នៅថ្ងៃសោរ៍នេះ និង ១៨គ្រឿងកាលពីថ្ងៃម្សិលមិញ ដោយយន្ដហោះចម្បាំងខ្លះបានហោះកាត់ខ្សែស្របពាក់កណ្តាល នៃចក្រសមុទ្រតៃវ៉ាន់ថែមទៀតផង ចំណែកឯមួយចំនួនទៀតបានហោះកាត់តំបន់ការពារដែនអាកាស នៅឆ្នេរសមុទ្រភាគនិរតីរបស់កោះតៃវ៉ាន់។

ប្រទេសចិនដែលអះអាងថា កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួននោះ បានបញ្ជូនយន្តហោះប្រយុទ្ធប្រភេទ J-16 ចំនួន ១២គ្រឿង, យន្តហោះប្រយុទ្ធប្រភេទ J-10 ចំនួន ០២គ្រឿង, និងយន្តហោះប្រយុទ្ធប្រភេទ J-១១ ចំនួន ០២គ្រឿង ព្រមជាមួយនិងយន្តហោះទម្លាក់គ្រាប់បែក H-៦ ចំនួន ០២គ្រឿង, និងយន្តហោះប្រឆាំងនាវាមុជទឹកប្រភេទ Y-8 ចំនួន ០១គ្រឿង។ នេះបើយោងតាមក្រសួងការពារជាតិតៃវ៉ាន់ ប៉ុន្តែគ្មានយន្តហោះណាមួយហោះ ជិតកោះតៃវ៉ាន់នោះឡើយ។ ភ្លាមៗនោះដែរ កងកម្លាំងការពារដែនអាកាសតៃវ៉ាន់ រួមទាំងប្រព័ន្ធកាំជ្រួចការពារដែនអាកាស ត្រូវបានដាក់ពង្រាយដើម្បីតាមដានសកម្មភាពរបស់យន្តហោះចម្បាំងចិន។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ច នៃមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក ខេត ក្រេច (Keith Krach) បានមកដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ មួយថ្ងៃបន្ទាប់ប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធប្រយុទ្ធយោធា នៅជិតច្រកសមុទ្រតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

សកម្មភាពយន្តហោះចម្បាំងចិនចុងក្រោយបង្អស់ គឺកើតឡើងនៅថ្ងៃដែលកោះតៃវ៉ាន់ ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់អតីតប្រធានាធិបតីលោក លី តេងហ៊ុយ (Lee Teng-hui) ដែលត្រូវបានគេស្គាល់ថា «បិតាប្រជាធិបតេយ្យ» ក្រោយលោកបានបញ្ចប់ការគ្រប់គ្រងបែបផ្តាច់ការ និងជំនួសមកវិញដោយការបោះឆ្នោតសេរី និងបង្កើតអត្តសញ្ញាណដាច់ដោយឡែកពីប្រទេសចិន។ លោក Lee បានក្លាយជាប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ដំបូងបង្អស់របស់កោះតៃវ៉ាន់នៅខែមីនា ឆ្នាំ១៩៩៦ បន្ទាប់ពីរយៈពេល 0៨ខែនៃការគំរាមកំហែងសង្គ្រាម និងការបាញ់សាកល្បងមីស៊ីលពីប្រទេសចិន នៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់។ គួរបញ្ជាក់ថា ហេតុការណ៍នេះហើយដែលបានធ្វើឲ្យប្រទេសចិន និងកោះតៃវ៉ាន់ប្រឈមនឹងការផ្ទុះសង្គ្រាមជាមួយគ្នា ដែលជំរុញឲ្យសហរដ្ឋអាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំង ដើម្បីកំញើញដល់រដ្ឋាភិបាលទីក្រុងប៉េកាំង៕