(វ៉ាស៉ីនតោន)៖ យោធាអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា ខ្លួនបានបញ្ជូនគ្រឿងបរិក្ខាយោធាមួយចំនួនរួមមាន ប្រព័ន្ធរ៉ាដា និងរថពាសដែកផងដែរ ទៅកាន់តំបន់ភាគឦសាននៃប្រទេសស៉ីរី ដើម្បីពង្រឹងប្រព័ន្ធការពារកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅទីនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមលោក បៀល អឺប៊ែន (Bill Urban) អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា (US Central Command) សហរដ្ឋអាមេរិកបានបញ្ជូនបន្ថែមនូវប្រព័ន្ធរ៉ាដា សិនធីណែល (Sentinel) និងរថពាសដែកធុន ប្រ៊ែដលី (Bradley) ព្រមទាំងបង្កើនការហោះល្បាត ដោយប្រើយន្តហោះចម្បាំងអាមេរិក ដើម្បីបង្កើនកម្លាំងកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅតំបន់សន្តិសុខ ESSA ដែលនៅភាគឦសាននៃប្រទេសស៉ីរី។

បើតាមសេចក្តីថ្លែងការណ៍ខាងលើដដែល ការចល័តបរិក្ខាយោធាខាងលើនេះ គឺជាការស្តែងឲ្យឃើញយ៉ាងច្បាស់ អំពីការប្តេជ្ញាយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ក្នុងការការពារកងកម្លាំងអាមេរិក និងកងកម្លាំងយោធាអន្តរជាតិដែលមានវត្តមាននៅតំបន់ ESSA និងធានាថា ពួកគេអាចបន្តធ្វើប្រតិបត្តិការដោយពុំមានការជ្រៀតជ្រែក ឬរំខានណាមួយឡើយ។

គួរជម្រាបថា សកម្មភាពខាងលើត្រូវគេយល់ឃើញថា ជាការឆ្លើយតបចំពោះហេតុការណ៍ប៉ះទង្គិចយានជំនិះគ្នា រវាងយោធាអាមេរិក និងយោធារុស្ស៉ី នៅឯភាគខាងជើងស៉ីរីកាលពីចុងខែសីហាកន្លងទៅ។ អាមេរិក និងរុស្ស៉ីបានបន្ទោសគ្នាទៅវិញទៅមក ខណៈហេតុការណ៍នោះ បានធ្វើឲ្យទាហានអាមេរិកយ៉ាងតិច ០៧នាក់រងរបួស៕