(ប៉េកាំង)៖ រូបភាពថ្មីមួយពីផ្កាយរណបបានបង្ហាញថា នាវាដឹកយន្តហោះចម្បាំងទី ៣ ដែលមានឈ្មោះសម្គាល់ Type 002 របស់កងទ័ពប្រជាជនរំដោះប្រជាជនចិន (PLA) និងជានាវាទី ២ ដែលកំពុងត្រូវបានសាងសង់នៅក្នុងស្រុក ត្រូវបានបានផ្លាស់ប្តូរទៅទីតាំងថ្មីសម្រាប់ការសាងសង់ហើយ។ នេះបើតាមរបាយការណ៍ថ្មី ដែលចេញផ្សាយដោយក្រុមអ្នកវិភាគនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

កម្មវិធីសិក្សាអំពីគម្រោងថាមពលចិន (ChinaPower) នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បានធ្វើបច្ចុប្បន្នភាពនៃការតាមដានរបស់ខ្លួន ចំពោះនាវាផ្ទុកយន្តហោះចម្បាំងទី ៣ របស់ចិន នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ជាមួយនឹងរូបភាពផ្កាយរណបថ្មីត្រូវបានថតចេញពីតំបន់កំពុងផែ និងការដ្ឋានសាងសង់នានាជាំងណាន (Jiangnan) ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

ក្រុមអ្នកវិភាគអំពី ChinaPower បានរៀបរាប់ថា នេះជាលើកទីមួយហើយ ចាប់តាំងពីការសាងសង់បានចាប់ផ្តើម ដែលយើងអាចមើលឃើញរូបភាពច្បាស់បំផុត នៃការសាងសង់នាវាដឹកយន្តហោះចម្បាំងប្រភេទ ០០២ ដែលបានផ្លាស់ទីតាំងនៅចន្លោះចាប់ពីថ្ងៃទី២៤ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។ ក្រុមអ្នកវិភាគខាងលើបានបន្ថែមទៀតថា ខណៈដែលការសាងសង់កំពុងបន្តយើងរំពឹងថា នាវាថ្មីនេះមានទំហំធំជាងនាវាផ្ទុកយន្តហោះចម្បាំងទាំងពីរ របស់ចិនគឺលាវនីង (Liaoning) និង Type 001 នោះទៅទៀត។

នៅជុំវិញបញ្ហានេះ មេបញ្ជាការនៃកងនាវាអាមេរិកលោក គ្រីស ហ្គ្រេឌី (Chris Grady) បានគូរបញ្ជាក់ថា សមត្ថភាពនៃកងទ័ពជើងទឹករបស់ចិន កំពុងតែកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សំគាល់ ហើយនាវាថ្មីនេះទៀតសោត នឹងកាន់តែបង្កើនឥទ្ធិពលរបស់ PLA នៅលើផ្ទៃសមុទ្រ។

យោងតាមគេហទំព័រយោធា Military.com បានប្រៀបធៀបរវាងប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច សម្រាប់បញ្ជាការហោះហើរយន្តហោះ (Electromagnetic Aircraft Launch System ឬ EMALS)ដែលគេរំពឹងនឹងភ្ជាប់នៅលើនាវាថ្មីរបស់ចិន ទៅនឹងថ្នាក់ទីមួយនៃនាវាផ្ទុកយន្តហោះចម្បាំង USS ហ្គែរ៉ាល់ ហ្វដ (USS Gerald R. Ford) របស់សហរដ្ឋអាមេរិក ដែលមានតម្លៃលើសលប់ និងភ្ជាប់ជាមួយប្រព័ន្ធ Gear Arresting Gear (AAG) និង EMALS ដែលគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនាឆ្នាំ២០២២ ខាងមុខនេះថែមទៀតផង។

ក្រុមអ្នកវិភាគ ChinaPower បានអះអាងថា ផ្អែកលើរូបភាពផ្កាយរណប និងអ្វីដែលយើងដឹងនាពេលបច្ចុប្បន្ន យើងមិនទាន់អាចបញ្ជាក់ច្បាស់ទេថា នាវាថ្មីរបស់ចិននឹងភា្ជប់ជាមួយប្រព័ន្ធ EMALS ដែរឬមួយក៏អត់នោះឡើយ ប៉ុន្តែបើយោងតាមប្រភពក្រៅផ្លូវការបានឲ្យដឹងថា ប្រទេសចិនកំពុងតែបន្តវឌ្ឍនភាព និងឈានមុនចំពោះបច្ចេកវិទ្យាប្រភេទនេះ។

គួរបញ្ជាក់ថា កាលពីចុងខែសីហាកន្លងទៅសារព័ត៌មាន Sputnik ធ្លាប់បានរាយការណ៍ម្តងរួចទៅហើយថា ប្រទេសចិនអាចនឹងបន្តសាងសង់នាវាផ្ទុកយន្តហោះ ដែលមានមុខងារពិសេសដែលបំពាក់ដោយប្រព័ន្ធ EMALS ដែលមានសមត្ថភាពជំរុញយានគ្មានមនុស្សបើក ឬ Drone។ លើសពីនេះ គម្រោងសាងសង់បន្ថែម នូវចំណតឧទ្ធម្ភាគចក្រប្រភេទ ០៧៦ នឹងអនុញ្ញាតឲ្យនាវាដឹកយន្តហោះចម្បាំងថ្មីនេះ អាចផ្ទុកឧទ្ធម្ភាគចក្រយ៉ាងតិច ៣០គ្រឿងផងដែរ បន្ថែមពីលើសមត្ថភាពផ្ទុកយន្តហោះចម្បាំង។ នេះបើតាមការផ្សាយរបស់កាសែតហុងកុង South China Morning Post កាលពីពេលថ្មីៗកន្លងទៅនេះ៕