(ប៉ារីស)៖ រដ្ឋមន្ត្រីមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងលោក ប្រ៊ុយណូ ឡឺ មែរ (Bruno Le Maire) បានបង្ហោះសារនៅលើគណនី Twitter របស់លោកផ្ទាល់តែម្តងថា លោកបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ប៉ុន្តែស្ថិតនៅក្នុងកម្រិតស្រាលប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រី Le Maire បានបង្ហោះសារលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំបានធ្វើតេស្តវិជ្ជមាន COVID-19 នៅយប់នេះ (យប់ថ្ងៃសុក្រ)។ ខ្ញុំបានប្រញាប់ប្រញាល់ ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់ខ្ញុំ ដោយអនុលោមតាមបទបញ្ជាផ្នែកសុខាភិបាល។ ខ្ញុំមិនមានចេញរោគសញ្ញាអ្វីឡើយ។ ខ្ញុំនឹងបន្តទទួលការតាមដានអការៈរោគសម្រាប់រយៈពេល ០៧ថ្ងៃ និងបន្តបំពេញកាតព្វកិច្ចរបស់ខ្ញុំដដែល»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសបារាំងបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅជាង ១៣,០០០នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីវីរុសកូរ៉ូណា ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ បច្ចុប្បន្នករណីឆ្លង COVID-19 សរុបនៅបារាំងមានជាង ៤២៨,៦០០ករណី ក្នុងនោះមនុស្សសរុបជាង ៣១,២០០នាក់បានស្លាប់។ បារាំង និងប្រទេសអឺរ៉ុបមួយចំនួនទៀតជាពិសេសអង់គ្លេស សុទ្ធតែកំពុងមើលឃើញសន្ទុះកើនឡើងវិញយ៉ាងគំហុក នៃករណីឆ្លងជំងឺរាតត្បាតសកលនេះ៕