(អូរ៉េហ្គូន)៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យរាប់ម៉ឺននាក់ បាននិងកំពុងព្យាយាមប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃដ៏ធំដែលកំពុងឆាបឆេះរាលដាល នៅភាគខាងលិចសហរដ្ឋអាមេរិក ដោយពួកគេបានមើលឃើញថា ផ្នែកខ្លះនៃរដ្ឋអូរ៉េហ្គនឥឡូវនេះ មានសភាពប្រហាក់ប្រហែលទៅ នឹងការផ្ទុះសង្គ្រាមលោកលើកទី ២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ភ្លើងឆេះព្រៃនេះ បានឆាបឆេះតាំងពីពាក់កណ្ដាលខែសីហាមកម្ល៉េះ និងបានរីករាលដាលលើផ្ទៃដីជាង ១.៣លានហិកតានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងជាង ៦សែនហិកតាទៀតនៅក្នុងរដ្ឋអូរ៉េហ្គន និងរដ្ឋវ៉ាស៊ីនតោនស្ទេត ចាប់តាំងពីទិវាពលកម្មថ្ងៃទី០៧ ខែកញ្ញាកន្លងទៅនេះ ដោយវាបានបំផ្លាញលំនៅឋានរាប់ពាន់ខ្នង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ទៀត។

នាយកដ្ឋានព្រៃឈើរដ្ឋអូរ៉េហ្គន បានគូសបញ្ជាក់យ៉ាងដូចច្នេះថា «ក្រុមអ្នកពន្លត់អគ្គីភ័យជាង ៦,៥០០នាក់មកពីរដ្ឋអូរ៉េហ្គន និងកន្លែងផ្សេងទៀតនៅសហរដ្ឋអាមេរិក និងកាណាដា បាននិងកំពុងព្យាយាមប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃដ៏ធំមួយនេះនៅក្នុងរដ្ឋអូរ៉េហ្គន» ស្របពេលដែលនាយកដ្ឋានការពារព្រៃឈើ នៃរដ្ឋកាលីហ្វ័រញ៉ាក៏បានឲ្យដឹងថា «ក្រុមអ្នកពន្លត់អគ្គីភ័យជាង ១៧,៤០០នាក់ទៀត ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃប្រមាណជា ២៦កន្លែងទៀតដែលកំពុងឆាបឆេះយ៉ាងសកម្ម នៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុត (៤០លាននាក់) នៅសហរដ្ឋអាមេរិមួយនេះ»

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃរាប់សិបទីតាំង នៅភាគខាងលិចសហរដ្ឋអាមេរិកនេះ បានបំផ្លាញលំនៅឋានរាប់ពាន់ខ្នង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ផងដែរ ដែលក្នុងចំណោមអ្នកស្លាប់ទាំងនេះ ២៥នាក់បានស្លាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និង ០៨នាក់ទៀតបានស្លាប់នៅក្នុងរដ្ឋអូរ៉េហ្គន ខណៈម្នាក់ផ្សេងទៀតបានស្លាប់ នៅក្នុងរដ្ឋវ៉ាស៊ីនតោន៕