(ញូយ៉ក)៖ បណ្តាញសង្គមយក្សអាមេរិក Facebook បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួននឹងមិនបង្ហាញក្រុមសុខភាពទៀតទេ នៅក្នុងការណែនាំ (recommend) របស់ខ្លួនដោយបានបញ្ជាក់ពីសារៈសំខាន់ ដែលអ្នកប្រើប្រាស់បណ្តាញ Facebook ទទួលបានព័ត៌មានសុខភាពពី «ប្រភពផ្លូវការ‍ ឬអាជ្ញាធរសុខាភិបាល»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Facebook បានលុបចោលក្រុមក្នុង Facebook ជាង ១លានក្រុមដែលបានរំលោភគោលការណ៍របស់ Facebook ស្តីពីព័ត៌មានមិនពិត និងខ្លឹមសារដែលអាចបង្កគ្រោះថ្នាក់។ នៅក្នុងរបាយការណ៍មួយរបស់ក្រុមអ្នកតស៊ូមតិ អាវ៉ាស (Avaaz) ដែលបានចេញផ្សាយកាលពីខែសីហាបានឲ្យដឹងថា
មាតិកាសុខភាពនៅលើបណ្តាញ Facebook ដែលបង្កឲ្យមានការភ័ន្តច្រឡំ បានកើនឡើងចំនួនអ្នកចូលមើលរហូតដល់ ៣.៨ពាន់លានដង ជាពិសេសកើនឡើងខ្លាំងអំឡុងពេល នៃជំងឺរាតត្បាត COVID-19។

ទន្ទឹងគ្នានេះ កាលពីខែមុនក្រុមហ៊ុន Facebook បានលុបចោលក្រុម (group) របស់ចលនា ខុមស្ប៉ៃរ៉ាស៊ី ឃ្យូអាណុន (Conspiracy QAnon) ប្រហែលជា ៨០០ក្រុម ដែលបានបង្ហោះសារញុះញង់ឲ្យកើតមានអំពើហិង្សា តាមរយៈការបង្ហាញពីចេតនាក្នុងការប្រើប្រាស់អាវុធ និងជំរុញឲ្យអ្នក Followers ដើរតាមគំរូនៃឥរិយាបទបែបហិង្សា។

ដោយឡែកក្រុមហ៊ុន Twitter វិញក៏បានបង្ហោះសារមួយស្រដៀងគ្នានេះដែរថា ខ្លួនបានកាត់បន្ថយចំណប់អារម្មណ៍លើសារ (Tweets) ដែលទាក់ទងនឹង QAnon ជាង ៥០ភាគរយ ហើយក្រុមហ៊ុនក៏បានចាត់វិធានការបន្ថែម ដើម្បីលុបចោលមាតិកា និងគណនីដែលពាក់ព័ន្ធនឹងទ្រឹស្តីមិនពិតនេះផងដែរ។ កាលពីខែកក្កដា ក្រុមហ៊ុន Twitter បានគូសបញ្ជាក់ថា ខ្លួននឹងបញ្ឈប់ការណែនាំមាតិកា QAnon និងគណនី ដែលគេរំពឹងថា នឹងប៉ះពាល់ដល់គណនីប្រហែលជា ១៥០,០០០។

គួរបញ្ជាក់ថា ក្រុមហ៊ុន Twitter បានដាក់ចេញនូវក្រុមវាយតម្លៃទៅលើមាតិកា ដែលអាចបង្កគ្រោះថ្នាក់ និងបុគ្គលដែលពាក់ព័ន្ធនឹងក្រុម ឬយុទ្ធនាការដែលអាចបង្កអន្តរាយដល់អ្នកដទៃ។ ក្រមហ៊ុនបានបន្ថែមទៀត រាល់គណនីទាំងអស់ ឬក្រុមដែលត្រូវបានរកឃើញថា អាចបង្កគ្រោះថ្នាក់ផ្លូវកាយ ឬផ្លូវចិត្ត និងមាតិកាមិនពិត ឬក្លែងបន្លំនឹងត្រូវលុបចេញ៕