(វ៉ាស៊ីនតោន)៖ ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរយ៉ាងខ្លាំងបំផុត ហើយសហគមន៍អន្តរជាតិរំពឹងថា ចិន និងអាមេរិក គួរតែធ្វើការងាររួមគ្នា ចំពោះមុខការប្រកួតប្រជែងនានាជាសកល។ នេះបើតាមសម្តីរបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិកលោក គុយ ធានខៃ (Cui Tiankai) ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។

លោក Cui Tiankai បានលើកឡើង នៅក្នុងបទសម្ភាសន៍ជាមួយ អតីតរដ្ឋមន្ត្រីរតនាគារអាមេរិកលោក ហាំង ផូលសុន (Hank Paulson) យ៉ាងដូច្នេះថា «វាបានរីកធំ, វាកាន់តែជ្រាលជ្រៅ, ហើយវាកាន់តែស្មុគស្មាញឡើង, វាកាន់តែរីកធំ និងស្មុគស្មាញ។ យើងបានបើកច្រកថ្មីៗជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ វាគឺជាច្រកដែលយើងប្រហែលជាមិនធ្លាប់បាននឹកស្មានដល់ តាំងពីដំបូងមក»។

គួរបញ្ជាក់ថា ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនខាងលើនេះ បានកើតមានឡើង ចំពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងតែកើនឡើងនូវភាពតានតឹងរវាងគ្នាខ្លាំងឡើងៗ ទៅលើបញ្ហាធំៗជាច្រើនដូចជា សង្គ្រាមពាណិជ្ជកម្ម, ជំងឺរាតត្បាតសកល COVID-19, បញ្ហាកោះតៃវ៉ាន់-ហុងកុង និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។

នៅក្នុងពេលវេលានៃភាពតានតឹង ដែលមិនទាន់ឃើញសញ្ញាទៅរកភាពធូរស្រាល និងការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែលកាន់តែខិតជិតមកដល់ទៀតនោះ ឯកអគ្គរដ្ឋទូតចិនលោក Cui បានអំពាវនាវឲ្យសហរដ្ឋអាមេរិក រួមគ្នាដោះស្រាយបញ្ហាជាមួយចិន តាមរយៈការបែងចែកបញ្ហាជាផ្នែក និងដោះស្រាយតាមវិធីសាស្ត្រផ្សេងៗគ្នា ប្រកបដោយលក្ខណៈស្ថាបនា ព្រោះប្រទេសមហាអំណាចទាំងពីរ សុទ្ធតែបានប្រឈមមុខ ការប្រកួតប្រជែងជាច្រើនជាលក្ខណៈសកល ដែលគ្មានប្រទេសណាមួយ អាចប្រឈមមុខតែឯងបាននោះឡើយ៕