(កាលីហ្វ័រញ៉ា)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាមេរិកបាននិយាយថា គុណភាពខ្យល់ក្នុងបរិយាកាស តាមទីក្រុងធំៗចំនួនប្រាំនៅក្នុងរដ្ឋអូរ៉េហ្គន (Oregon) គឺមានស្ថានភាពអាក្រក់បំផុត ខណៈផ្សែងដ៏ក្រាស់បណ្ដាលមកពីភ្លើងឆេះព្រៃ ដែលឆាបឆេះរាលដាលលើផ្ទៃដីជិត ៥លានហិកតា នៅភាគខាងលិចសហរដ្ឋអាមេរិកនេះ នៅតែបន្តគ្របដណ្ដប់ពាសពេញតំបន់ទាំងនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ភ្លើងឆេះព្រៃខាងលើនេះ បានបង្កើតឲ្យមានផ្សែងយ៉ាងច្រើន ដែលធ្វើឲ្យផ្ទៃមេឃមានសភាពអាប់អួ រួមជាមួយខ្យល់អាកាសមិនល្អបាន និងកំពុងគ្របដណ្ដប់ពេញបរិយាកាស ចាប់ពីរដ្ឋកាលីហ្វ័រញ៉ាដល់រដ្ឋវ៉ាស៊ីនតោន ហើយបានរសាត់រាប់ពាន់គីឡូម៉ែត្រ ពីភាគខាងលិចសហរដ្ឋអាមេរិក ទៅកាន់តំបន់់ផ្សេងៗទៀតនៃសហរដ្ឋអាមេរិក ជាពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។

គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ អគ្គីភ័យដែលឆាបឆេះព្រៃ និងមិនដែលធ្លាប់មានពីមុនមកនេះ បាននិងកំពុងឆាបឆេះនៅលើផ្ទៃដីសរុបជាង ១,៨លានហិកតា ដែលវាបានឆេះពាសពេញទីក្រុងនានានៅក្នុងរដ្ឋអូរ៉េហ្គន ខណៈដែលវាក៏កំពុងលេបត្របាក់ព្រៃឈើនៅរដ្ឋកាលីហ្វ័រញ៉ា, រដ្ឋវ៉ាស៊ីនតោន, និងរដ្ឋអូហៃយ៉ូ (Ohio) ផងដែរ។

គួរបញ្ជាក់ថា នាយកដ្ឋានគាំពារបរិស្ថានអាមេរិក ថ្ងៃអង្គារសប្ដាហ៍នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋដែលទទួលរងការប៉ះទង្គិចខ្លាំងជាងគេបំផុត គឺរដ្ឋអូរ៉េហ្គន ដែលជាកន្លែងហ៊ុព័ន្ធដោយផ្សែង និងផេះតូចៗល្អិត ដែលត្រូវបានគេសន្មត់ថា ជាភាគល្អិតដែលអាចបង្កឲ្យគុណភាពខ្យល់នៅទីក្រុង ផតលែន (Portland), យូជីន (Eugene), ប៊ែន (Bend), មែដហ្វដ (Medford), និង ក្លាម៉ាតហ្វល (Klamath Fall) ស្ថិតនៅកម្រិតខ្ពស់បំផុត និងអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព»