(តូក្យូ)៖ ទោះបីជាកំពុងស្ថិតនៅដំណើរការរៀបចំរដ្ឋាភិបាលថ្មីក៏ពិតមែន ក៏ប្រទេសជប៉ុននៅតែសម្រេចចិត្តផ្តល់ថវិកា ១៧.២ពាន់លានយ៉េន (១៦៥លានដុល្លារអាមេរិក) ជាជំនួយដល់កម្មវិធីអភិវឌ្ឍវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

កម្មវិធីអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា COVAX ត្រូវបាន WHO និងអង្គការសហប្រជាជាតិទាំងមូល អំពាវនាវឲ្យអន្តរជាតិជួយគាំទ្រ និងជាពិសេសប្រទេសមហាអំណាចធំៗ ដែលមានទ្រព្យធនច្រើន ព្រោះវានឹងជួយដល់គ្រប់ប្រទេសទាំងអស់ ឲ្យទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយជាពិសេសនោះ គឺការចែកចាយវ៉ាក់សាំងនេះ ដោយស្មើភាពគ្នា នោះទើបពិភពលោកទាំងមូលអាចរួចផុតពីភ័យអន្តរាយ។

បើតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលជប៉ុន ជំនួយទៅកាន់ WHO ពេលនេះ គឺស្ថិតនៅក្នុងកញ្ចប់ថវិកា ១.៦៤ទ្រីលានយ៉េនដែលជប៉ុនបានអនុម័ត ដើម្បីប្រើប្រាស់ក្នុងការទប់ទល់វិបត្តិនានា ដែលបង្កឡើងដោយជំងឺ COVID-19។ ប្រទេសជប៉ុនក៏បានបញ្ជាទិញវ៉ាក់សាំង COVID-19 ដោយផ្ទាល់រួចមកហើយដែរ ពីក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងធំៗនៅអង់គ្លេស និងអាល្លឺម៉ង់ ដើម្បីឲ្យប្រាកដថា ប្រជាជនខ្លួនទាំងជាង ១២០លាននាក់ អាចទទួលបានវ៉ាក់សាំង នៅអំឡុង ៦ខែដើមឆ្នាំ២០២១៕