(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបចំនួន ០៩គ្រឿង ទៅកាន់គន្លងគោចរជុំវិញផែនដីដោយជោគជ័យ នៅលើដែនសមុទ្រលឿង (Yellow Sea) នៅព្រឹកថ្ងៃអង្គារនេះតែម្តង។

២៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា បំណែកទឹកកកដែលមានទំហំធំជាងទីក្រុងប៉ារីសទៅទៀត បានដាច់ចេញពីផ្ទាំងទឹកកកដ៏ធំមួយ នៅភាគឦសានកោះគ្រីនលែន (Greenland) របស់ដាណឺម៉ាក ដោយសារតែកំណើនសីតុណ្ហភាព។

៣៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសអាស៉ីខាងត្បូង មួយនេះ បានកើនលើស ៤.៩៣លានករណីហើយ។

៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងក្នុងកំឡុងសន្និសីទកាសែតមួយ នៅរដ្ឋកាលីហ្វ័រញ៉ាថា ការឡើងកំដៅផែនដីនឹងថយចុះវិញដោយខ្លួនឯង និងបានច្រានចោលនូវការលើកឡើង របស់អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីមុននេះថា បញ្ហាបម្រែបម្រួលអាកាសធាតុនេះ ជាហេតុបណ្ដាលឲ្យមានភ្លើងឆេះព្រៃដ៏សាហាវ ដែលកំពុងរីករាលដាល នៅឯភាគខាងលិចសហរដ្ឋអាមេរិក។

៥៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់ប្រទេសចិនបានឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្រ្តចិន អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ នៅកំលុងខែវិច្ឆិកាខាងមុខនេះ។

៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងវាយប្រហារបកទៅលើអ៉ីរ៉ង់វិញ ១,០០០ដង ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានបើកការវាយប្រហារណាមួយមកលើសហរដ្ឋអាមេរិក៕