(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសអាស៉ីខាងត្បូងមួយនេះ បានកើនលើស ៤.៩៣លានករណីហើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិន ស៊ីនហួរ នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលឥណ្ឌា ករណីឆ្លង COVID-19 សរុបបានកើនដល់ ៤,៩៣០,២៣៦ករណី ខណៈអ្នកស្លាប់ក៏បានកើនដល់ ៨០,៧៧៦នាក់ផងដែរ។ ចំណែកឯអ្នកជំងឺ ៩៩០,០២៩នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌានៅឡើយ ខណៈអ្នកជំងឺ ៣,៨៥៩,៣៩៩នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា ហៅកាត់ថា ICMR បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ៥៨,៣១២,២៧២នាក់ នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សរហូតដល់១,០៧២,៨៤៥នាក់ ត្រូវបានធ្វើតេស្តនៅម្សិលមិញ៕