(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តផ្ដល់ការគាំទ្រប្រព័ន្ធ UN និងជាពិសេសដល់អង្គការសុខភាពពិភពលោក (WHO) ដើម្បីប្រយុទ្ធឆាំងនឹងជំងឺឆ្លងរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

លោក Antonio Guterres ធ្វើការអំពាវនាវខាងលើនៅក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មានរុស្ស៊ី RIA Novosti នៅថ្ងៃចន្ទ សប្ដាហ៍នេះ។ ប្រមុខ UN រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវឱ្យរដ្ឋជាសមាជិកទាំងអស់ គាំទ្រគា្នទៅវិញទៅមក រួមទាំងប្រព័ន្ធ UN ក្នុងការដោះស្រាយបញ្ហា រួមមានទាំងវិបត្តិ COVID-19។ លើសពីនេះទៅទៀត ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា WHO ត្រូវការការគាំទ្រពីរដ្ឋជាសមាជិកទាំងអស់ នៅក្នុងពេលដ៏សំខាន់នេះ ដើម្បីប្រឆំាងនឹង COVID-19»

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនដល់ ២៩.៤លាននាក់ហើយ ក្នុងនោះស្លាប់ ៩៣២,៨១១នាក់ និងជាសះស្បើយឡើងវិញ ២១.២លាននាក់៕